ម៉ាឡេស៉ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកMuhyiddin Yassin នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០ បានលើកឡើងថា បើទោះជាវិធានការ MCO ឬគេស្គាល់ថាជាវិធានការបិទប្រទេសមួយផ្នែក នៃរដ្ឋាភិបាលរបស់លោក បានបង្ហាញលទ្ធផលវិជ្ជមាននៅក្នុងប្រយុទ្ធប្រឆាំងជាមួយ COVID-19 ក៏ដោយ ប៉ុន្តែកិច្ចខិតខំប្រែងមិនទាន់ទទួលបានជោគជ័យទាំងស្រុង នៅឡើយទេ។
លោក Muhyiddin បានគូសបញ្ជាក់ថា៖ «ផ្អែកលើមតិសាធារណៈ ខ្ញុំមើលឃើញថា ប្រជាជនចង់ឱ្យរដ្ឋាភិបាល បន្តអនុវត្តវិធានការចាំបាច់នានាដើម្បីប្រយុទ្ធប្រឆាំង COVID-19។ មួយវិញទៀត ដោយផ្អែកលើការប្រឹក្សាពីក្រសួងសុខាភិបាល និងក្រុមប្រឹក្សាសន្តិសុខជាតិ ខ្ញុំសូមប្រកាសថាវិធានការMCO ដែលនឹងត្រូវអស់សុពលភាពនៅថ្ងៃទី១២ ខែឧសភានេះ នឹងត្រូវអូសបន្លាយពេលដល់ថ្ងៃទី០៩ ខែមិថុនា»។
បើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យម្សិលមិញថា វិធានការគ្រប់គ្រងសកម្មភាពប្រជាជនរបស់ម៉ាឡេស៊ី(MCO) នឹងត្រូវបានអូសបន្លាយពេលអនុវត្តរយៈពេល ៤សប្ដាហ៍បន្ថែមទៀតរហូតដល់ថ្ងៃទី០៩ ខែមិថុនា ដែលនេះគឺជាការអូសបន្លាយពេលលើកទី៤ចាប់តាំងពីវិធានការនេះ ត្រូវប្រកាសដាក់ចេញកាលពីថ្ងៃទី១៨ ខែមីនាមក។
គួរបញ្ជាក់ថា វិធានការគ្រប់គ្រងសកម្មភាពប្រជាជនរបស់ម៉ាឡេស៊ី (MCO) ដែលចូលជាធរមានកាលពីថ្ងៃទី១៨ ខែមីនាមក បានឆ្លងកាត់ការអូសបន្លាយពេល៣ដង រួចមកហើយ ។ ស្ថិតនៅក្រោមវិធានការបិទប្រទេសមួយផ្នែកនេះ ពាណិជ្ជកម្ម ឬអាជីវកម្មមិនសូវសំខាន់ និងសាលារៀន ត្រូវបានបិទទ្វារ ខណៈជើងហោះហើរក្នុងស្រុក និងអន្តរជាតិត្រូវបានផ្អាកជាបណ្ដោះអាសន្ន។
បើគិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ ម៉ាឡេស៊ី មានអ្នកឆ្លង COVID-19 ៦,៥៨៩នាក់ ក្នុងនោះស្លាប់ ១០៨នាក់ និង៧៥នាក់នៃឆ្លង ជំងឺមួយនេះបានជាសះស្បើយឡើងវិញ៕ដោយ៖ស តារា