នៅភូមិសូសែន ឃុំសូសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។មានអ្នកតាមួយ គេហៅថាអ្នកតា “ពុំ-សែន” ហើយមានរឿងរ៉ាវទាក់ទងនឹងអ្នកតាពុំ-សែននោះដូចតទៅ ៖
ប្រមាណជាក្នុង ព. ស. ២៣៨៤ មានយាយតា ២នាក់ប្ដីប្រពន្ធឈ្មោះ “តាពុំ យាយសែន” គាត់នៅស្រុកសំរោង ខេត្តជាមួយគ្នា ទាំងពីរនាក់បបួលគ្នាទៅរកភូមិថ្មីមួយ នៅភូមិគុកគុហា (បើហៅតាមអ្នកស្រុកថាភូមិបន្ទាយ) គាត់បានបោះគោលចារឹកវាតទីភូមិ ប្រមាណជាពីរហិកតា ៤ជ្រុងស្មើ ហើយបានសង់ផ្ទះមួយខ្នងតូច ដោយគ្រឿងឈើប្រក់ស្លឹក មានលើកដីចាក់ព័ទ្ធជុំវិញជាទំនប់ទឹក ដាំដំណាំផ្សេងៗ មានចេក ខ្នុរ ជាដើម ។ នៅខាងកើតភូមិគាត់ចម្ងាយប្រមាណ ២០០ម៉ែត្រមានដើមពោធិ ១ដើម ដុះនៅលើដីទួលមួយខ្ពស់ ដែលមានព្រៃដុះព័ទ្ធជុំវិញ នៅពេលយប់ គេតែងឃើញមានភ្លើងហោះ ចេញពីដើមពោធិនោះជានិច្ចរាល់ថ្ងៃ ។ យាយសែនមានសេចក្ដីសង្ស័យ ទើបប្រើតា ពុំ ជាប្ដី ឲ្យទៅមើលត្រង់ដើមពោធិនោះ ស្រាប់តែបានប្រទះឃើញរូបចម្លាក់មួយ សាងដោយថ្ម សណ្ឋានសណ្ឋានជាមនុស្សឈរផ្អែកនឹងគល់ពោធិ។ គាត់ពិនិត្យសព្វគ្រប់ទៅ ឃើញដូចជាព្រះពុទ្ធរូប ហើយមានពណ៌ប្រផេះដូចជាថ្មថ្លើមអណ្ដើក ទំហំ ៤ ដ.ម. កម្ពស់ប្រមាណ ១ម៉ែត្រកន្លះ ឥតមានឆ្លាក់ជាក្បាច់អ្វីទេ ។
តា ពុំ បានឃើញដូច្នោះ ក៏ដើរនិយាយប្រាប់អ្នកផងគ្រប់គ្នា ឲ្យជួយពិចារណាមើល តើជារូបអ្វី? នរណាយកមកចោលនៅក្រោមដើមពោធិនេះ? ឬក៏អ្នកណាសាងទុកពីកាលណា? កាលបើអ្នកស្រុកបានដឹងគ្រប់គ្នាហើយ មានសេចក្ដីសង្ស័យគ្រប់ៗគ្នា ក៏បបួលគ្នាធ្វើបុណ្យអស់ ១យប់ ១ថ្ងៃ ដោយនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ទេសនាឆាន់បង្ហើយកិច្ច ។ ចប់ពិធីបុណ្យ គេនាំគ្នាយកអំបោះចងរូបនោះ ហើយអន្ទងលើកឡើង ដុសខាត់ទៅ ឃើញរូបភាពជាស្រី មានផ្នួងសក់ចំកណ្ដាលសិរសាខាងលើ នៅលើថ្ងាសមានជរទ្រជើងសក់ លែងខ្លួនទទេត្រឹមចង្កេះ ឯសំពត់ស្លៀកសម្លុយ ដៃទាំងសងខាង ដាក់ផ្អោបនឹងដងខ្លួន ពីត្រឹមកែងដៃបត់មកខាងមុខ ហើយដៃស្ដាំក្ដាប់ផ្កាប់មុខចុះក្រោម ដៃឆ្វេងក្ដាប់ផ្ងារឡើងទៅលើ (ឥឡូវនេះរូបនោះគេវាយបំបាក់ក យកក្បាលទៅចោលឯណាបាត់ទៅហើយ ពិនិត្យមើលទៅមិនដឹងរូបភាពបែបណាឡើយ) ។
រូបនេះតាំងពីគេវាយបំបាក់យកក្បាលចោលបាត់ទៅនោះ អ្នកស្រុកភូមិជិតខាង ចេះតែពុំសូវសុខសប្បាយ បន្តិចឈឺមនុស្ស បន្តិចឈឺសត្វពាហនៈ អ្នកស្រុកភិតភ័យជាខ្លាំង អ្នកខ្លះនឹកស្មានថា រូបនោះធ្វើឲ្យឈឺ ក៏យកស្លាធម៌ ១គូ បាយសក្រហម បង្អែមពីរ បីមុខ យកទៅថ្វាយរូបភាពនោះ ហើយអុជទៀនធូបនិយាយបន់ស្រន់ ថាសុំឲ្យកូនចៅបានជាសះស្បើយគោ ក្របីក៏ឲ្យបានជាសះស្បើយទៅ នឹងធ្វើរោងប្រក់ក្បឿងថ្វាយ ហើយលើករូបនេះដាក់លើរោងឲ្យផុតពីដី ។ កាលបន់ស្រន់រួច ត្រឡប់មកផ្ទះវិញ ជំងឺទាំងប៉ុន្មាន ក៏បានស្រាកស្រាន្តដូចប្រាថ្នា រួចក៏ទៅធ្វើរោងតាមបំណន់ដែលខ្លួនបានបន់នោះ មានរៀបស្លាធម៌ ១គូ ទឹកអប់ ១គូ ផ្កា ១គូ ទៀន ៥ ធូប ៥ ។ល។…
(សូមរង់ចាំអានបន្តនៅថ្ងៃស្អែក)