ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង ០៥និង៤០នាទីជិតភ្លឺ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ស្ថិតនៅក្នុង ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកស្រាបៀរកម្ពុជាក្រឡាប់ខ្លួនឯង បណ្ដាលឲ្យចាក់ចោលស្រាបៀរកម្ពុជាមួយរថយន្តនៅរាយប៉ាយតាមផ្លូវ ប៉ុន្ដែមិនមានរបួសដល់មនុស្សឡើយ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងស្ទឹងសែន បានឲ្យដឹងថា រថយន្តដែលក្រឡាប់ចាក់ចោលស្រាបៀររាយប៉ាយពេញផ្លូវនពម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ស្លាកលេខភ្នំពេញ៣E.៣៥២២ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា សណ្តោងស៊ឺមីរ៉ឺម៉កស្លាកលេខភ្នំពេញ៤A.៤៨៨៩ ផ្ទុផ្ទុកស្រាបៀរកម្ពុជាពេញរថយន្ត ធ្វើដំណើរពីត្បូងទៅជើង ដែលបើកបរដោយឈ្មោះះ សារ៉ាត់ ពិសិត អាយុ ២២ឆ្នាំ រស់នៅខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។រថយន្តនេះក្រឡាប់ផ្ងារកង់ឡើងលើ ចាក់ចោលស្រាបៀរកម្ពុជារាប់រយកេសនៅខ្ចាត់ខ្ចាយពេញផ្លូវមើលទៅក្រហមរងាល ហើយក្រោយមកត្រូវបានគេប្រមូលយកវិញបានមួយចំនួន ក្រៅពីនេះក្រពឹតនិងធ្លាក់ចូលទឹកខូចគុណភាពដែលអ្នកនិយមស្រាបៀរកម្ពុជាមិនគួររើសយកទៅទទួលទាននោះទេ។
អ្នកធ្លាប់ដឹងរឿងបាននិយាយថា កន្លងមកក្រុមហ៊ុនស្រាបៀរកម្ពុជានេះច្រើនតែជ្រើសរើសអ្នកបើកបររថយន្តធុនធ្ងន់ជាពិសេសដឹកស្រាបៀរទៅចែកចាយតាមបណ្តាខេត្តនានាមានវ័យក្មេង អាចភ្លើតភ្លើនក្នុងការបើកបរនិងឧស្សាហ៍គ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវផងដែរ។
ជាក់ស្តែងដូចក្នុងករណីនេះសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា មូលហេតុបឋមដែលបង្កឲ្យក្រឡាប់រថយន្តនេះដោយសារអ្នកបើកបររថយន្ដវ័យក្មេងបើកបរក្នុងស្ថានភាពងងុយដេក ។
យ៉ាងណាបន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំជាបន្តបន្ទាប់ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ តែងតែអំពាវនាវ ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ស្រទាប់វណ្ណ:និងមូលដ្ឋានឃុំ-សង្កាត់ ជាពិសេសអ្នកបើកបរលើដងផ្លូវ ត្រូវចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណង បង្ការ ទប់ស្កាត់ កាត់បន្ថយអត្រាកំនើន នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ថែរក្សាបាន អាយុជីវិត ទ្រព្យសម្បត្តិ ឯកជន និងសាធារណៈ ស្របតាមអនុក្រិត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា៕ដោយ÷ប្រាថ្នា