ភ្នំពេញ៖ ដោយសារតែធ្វេសប្រហែសរបស់ការដ្ឋានសាងសង់បុរីខេអិន ប្រើរថយន្តបាញ់ស៊ីម៉ងត៍ គ្មានបច្ចេកទេសត្រឹមត្រូវតាមស្តង់ដា ធ្វើឲ្យប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV) បណ្តាលឲ្យដាច់ចរន្តអគ្គិសនីចំនួន៣ខណ្ឌនិងខេត្តមួយ ធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បារផងដែរ ខណៈដែលពួកគាត់គ្មានភ្លើងប្រើប្រាស់ ។
តាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកជាផ្លូវការរបស់អគ្គិសនីកម្ពុជា បានបង្ហោះកាលពីព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F2) មូលហេតុបណ្តាលមកពី ការដ្ឋានសាងសង់បុរីខេអិន ប្រើរថយន្តបាញ់ស៊ីម៉ងត៍ ធ្វើឲ្យប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ដាច់មួយហ្វា ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ( (១)សង្កាត់កាកាប សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២)វិថីឈ្នះឈ្នះ សង្កាត់គោករការ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ (៣) សង្កាត់ស្នោរ និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៤)ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនីពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ ៕
ដោយ៖ស តារា