ចាប់តាំងពីការផ្ទុះកូវីដ១៩មក ចំនួនអ្នកឆ្លង មានការកើនឡើងជារៀងរហូត នៅលើពិភពលោកគិត១ថ្ងៃ ។ ប៉ុន្តែនៅពេលនេះ អង្គការសុខភាពពិភពលោកបានប្រកាស ព័ត៌មានដែលគួរឲ្យត្រេកអរបំផុតនោះគឺមានអ្នកឆ្លងទាបជាងមុន។
ប៉ុន្តែអង្គការសុខភាពពិភពលោក WHOបានស្នើដល់ប្រទេសទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ បញ្ចៀសការឆ្លងថ្មី។
តាមសារព័ត៌មាន Channel news Asia នៅថ្ងៃទី១២ខែឧសភាបានផ្សាយថា អង្គការសុខភាពពិភពលោក (WHO) បានសាទរចំពោះការថយចុះចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ១៩ នៅក្នុងបណ្ដាប្រទេសមួយចំនួន ប៉ុន្តែអង្គការនេះនៅតែអំពាវនាវ ឱ្យប្រទេសទាំងអស់ ត្រូវតែរក្សាការប្រុងប្រយ័ត្ន ខណៈ បន្ធូរបន្ថយវិធានការរឹតត្បិត។
នៅពេលនេះ ប្រទេសអឺរ៉ុប មួយចំនួនដូចជាបារាំង និងអេស្ប៉ាញ ចាប់ផ្ដើមបន្ធូរបន្ថយវិធានការបិទប្រទេស ក្រោយមើលឃើញអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 មានការថយចុះ។ អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានលើកឡើង «ព័ត៌មានល្អ នោះគឺភាពជោគជ័យក្នុងការបន្ថយល្បឿននៃការរាតត្បាត COVID-19 និងការជួយសង្រ្គោះជីវិតមនុស្ស» ។
ចំណែកប្រធានសង្រ្គោះបន្ទាន់របស់ WHOលោក Michael Ryan ក៏បានសាទរផងដែរ ចំពោះការថយចុះចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 រួមទាំងការបន្ធូរបន្ថយវិធានការបិទប្រទេស និងរឹតត្បិតទាំងឡាយដោយសន្សឹមៗ។ ប៉ុន្តែលោកនៅតែអំពាវនាវដដែល ឱ្យបណ្ដាប្រទេសទាំងអស់ ត្រូវតែរក្សាការប្រុងប្រយ័ត្នជានិច្ច។
គិតមកដល់ម៉ោង ២រសៀលថ្ងៃទី១២ខែឧសភា តាមគេហទំព័រ Worldometer នៅទូទាំងពិភពលោក មានចំនួនអ្នកឆ្លង ៤ ២៥៦ ១៦២នាក់ និងស្លាប់ ២៨៧ ៣៣៦ នាក់។ ជាមួយគ្នានោះក៏មានអ្នកជាសះស្បើយដល់ទៅ ១ ៥២៧ ៦៤១ នាក់ ៕ដោយ៖ធី រីណា