ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់អង្គភាពកាសែតនគរវត្ត ឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះថា កម្លាំងនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ឆក់កាបូបលុយ) បង្កឡេីងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទីព្រលប់ ត្រង់ចំណុចផ្លូវបំបែកចូលភូមិតាឡីនិងផ្លូវបេតុងព្រៃសស្ថិតនៅភូមិថ្មី សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក ជឹម ស៉ីថា បន្តថា ជនរងគ្រោះឈ្មោះ ឌួង លី ភេទស្រី អាយុ៥៤ឆ្នាំមុខរបរក្រសួងវប្បធម៌ ផ្ទះលេខG41 ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ សែម សិត ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង១៧ និង ០០នាទី។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HN-0549 ដែលមានលេខតួនិងលេខម៉ាស៊ីន54711748 ចំនួន០១, ២/ម៉ូតូម៉ាកស៊ុយស៊ូគីនីច ពណ៌សលាយទឹកក្រូច ពាក់ផ្លាកលេខ ព្រះវិហារ 1D-8695 ដែលមានលេខតួ និងម៉ាស៊ីន CE44-360311 ចំនួន០១ ,៣/ទូរស័ព្ទម៉ាកសាំងសុង ពណ៌ខ្មៅ(ខូចអេក្រង់) ចំនួន០១។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទីព្រលប់ ជនរងគ្រោះឈ្មោះ ឌួង លី ភេទស្រី អាយុ៥៤ឆ្នាំ បានជិះម៉ូតូម៉ាកវ៉េវអេស ពណ៌ខ្មៅមិនចាំផ្លាកលេខម្នាក់ឯង ចេញពីផ្ទះលេខG41 ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅធ្វើការនៅក្រសួងវប្បធម៌ស្ថិតនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពេលជនរងគ្រោះជិះម៉ូតូម៉ាកខាងលើមកដល់ចំណុចផ្លូវបំបែកភូមិតាឡី និងផ្លូវព្រៃសដែលមានចំងាយពីផ្ទះជនរងគ្រោះប្រហែល១០០០ម៉ែត្រស្ថិតនៅភូមិថ្មីខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់មិនស្គាល់ឈ្មោះភេទប្រុសជិះម៉ូតូចំនួន០២គ្រឿង ទី០១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HN-0549 ដែលមានលេខតួ និងលេខម៉ាស៊ីន54711748 , និងទី២/ម៉ូតូម៉ាកស៊ុយហ្ស៉ីយនិច ពណ៌សលាយទឹកក្រូច ពាក់ផ្លាកលេខព្រះវិហារ 1D-8695 ដែលមានលេខតួ និងម៉ាស៊ីន CE44-360311 ។ពេលនោះជនសង្ស័យដែលជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HN-0549 មានគ្នាពីរនាក់បានមកអែបម៉ូតូរបស់ជនរងគ្រោះខាងឆ្វេងដៃរួចជនសង្ស័យអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកកាបូបដែលជនរងគ្រោះដាក់នៅពីខាងមុខហើយជិះម៉ូតូគេចតាមផ្លូវបេតុងព្រៃសពីកើតទៅលិចបាត់តែម្តង។
សម្ភារនៅក្នុងកាបូបនោះមាន៖ លុយដុល្លាចំនួន១២០ដុល្លាអាមេរិក,ទូរស័ព្ទពីរគ្រឿង(ម៉ាកអាយហ្វួន០១,ម៉ាកអ៊ិនចុចពិល០១) កាតគ្រីម៉ូតូមិនចាំម៉ាក០១,អត្តសញ្ញាណប័ណ្ណ០១,កាតការងារមន្រ្តីរាជការ០១,ប័ណ្ណបសស០១ រួចជនរងគ្រោះក៏បានជិះម៉ូតូទៅធ្វើការធម្មតាដោយមិនបានមករាយការណ៍និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោភ្លាមៗនោះទេ។ លុះដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ទើបជនរងគ្រោះបានមករាយការណ៍និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការឆែកមើលកាមេរ៉ាសុវត្ថិភាពតាមផ្ទះប្រជាពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុ បានឃើញជនសង្ស័យទាំង០៣នាក់ និងបានឃើញស្លាកលេខម៉ូតូទាំងពីរគ្រឿងខាងលើដែលជិះមកធ្វើសម្មភាពនោះ ។
ក្រោយទទួលបានព័ត៍មានច្បាស់ការរួចសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ សែម សិត ភេទប្រុសអាយុ២៥ឆ្នាំ រួមនិងវត្ថុតាង៖១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HN-0549 ដែលមានលេខតួ និងលេខម៉ាស៊ីន54711748 ចំនួន០១, ២/ម៉ូតូម៉ាកស៊ុយហ្ស៉ីគីនិច ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ព្រះវិហារ1D-8695 ដែលមានលេខតួ និងម៉ាស៊ីន CE44-360311 ចំនួន០១ ,៣/ទូរស័ព្ទម៉ាកសាំងសុង ពណ៌ខ្មៅ (ខូចអេក្រង់) ចំនួន០១ នៅវេលាម៉ោង១៧និង០០ នាទីថ្ងៃខែឆ្នាំដដែលត្រង់ចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះសែមសិត ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច
