មន្ទីពេទ្យ Saint George សម្រាប់ព្យាបាលជំងឺកូវីដ១៩ នៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ីបានជួបគ្រោះអគ្គិភ័យ កើតចេញពីម៉ាស៊ីនជំនួយដកដង្ហើមដល់អ្នកជំងឺកូវីដ ១៩ បណ្តាលឲ្យមានអ្នកជំងឺ៥នាក់ស្លាប់ និង១៥០ នាក់ជម្លៀស ចេញទាន់ពេលវេលា ។
សារព័ត៌មាន RTរបស់រុស្ស៊ី បានផ្សាយថាមានអ្នកជំងឺកូវីដ១៩ ៥នាក់ស្លាប់ ។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១២ខែឧសភា (ម៉ោងក្នុងប្រទេសរុស្ស៊ី)។ ប៉ុន្តែ ស្ថានភាពបានគ្រប់គ្រងទាំងស្រុងវិញក្រោយរយៈពេល៣០នាទី។ នេះជាករណីលើកទីពីរហើយដែលមានហេតុការណ៍បែបនេះកើតឡើង ។ជាក់ស្តែងកាលពីថ្ងៃទី៩ ខែឧសភា ករណីភ្លើងឆេះមួយបានផ្ទុះឡើងក្នុងមន្ទីរពេទ្យ Spasokukotsky ក្នុងទីក្រុង មូស្គូ បានសម្លាប់អ្នកជំងឺម្នាក់ផងដែរ។
គិតត្រឹមថ្ងៃទី១២ ខែឧសភា ប្រទេសរុស្ស៊ី មានករណីឆ្លងCOVID-19សរុបជាង ២៣ម៉ឺនករណី ក្នុងនោះករណីថ្មីជាង១ម៉ឺននាក់ (២៤ម៉ោង) និងអ្នកស្លាប់ ២១១៦នាក់។ បើតាមវេបសាយ worldometers អ្នកជាសះស្បើយមាន ៤៣ ៥១២នាក់ ខណៈអ្នកជំងឺធ្ងន់ធ្ងរមាន២៣០០ករណី៕