ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង អំពាវនាវបន្តឲ្យពលរដ្ឋបង្កើនការថែរក្សាសុខភាពតាមគោលការណ៍របស់ក្រសួងសុខាភិបាល បើទោះបីនៅសល់អ្នកជម្ងឺកូវីដ-១៩តែម្នាក់ក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញអំពាវនាវឲ្យពលរដ្ឋបង្កើនការថែរក្សាសុខភាពតាមគោលការណ៍របស់ក្រសួងសុខាភិបាល បើទោះបីនៅសល់អ្នកជម្ងឺកូវីដ១៩តែម្នាក់ក៏ដោយ ដើម្បីការពារការចម្លងថ្មីនៃជម្ងឺ កូវីដ-១៩ពីមនុស្សមា្នក់ទៅ មនុស្សម្នាក់ទៀត ឬទៅសហគមន៍។

  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសទទួលសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ជាច្រើន ពីអង្គការការីតាសកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅសាលា រាជធានីភ្នំពេញ សម្រាប់បែងចែកទៅតាមសង្កាត់និងមូលដ្ឋាន ដើម្បីបង្កើនការប្រយុទ្ធ ប្រឆំាងជម្ងឺកូវីដ-១៩។

   លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អំណោយម៉ាស់ អាល់កុល និងខិតបណ្ណអប់រំពីការថែរក្សាអនាម័យ របស់អង្គការការីតាសកម្ពុជានេះនឹងត្រូវចាត់ចែងបន្តជូនដល់អាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩ នៅមូលដ្ឋាន ខណៈដែលជម្ងឺ នេះបាននឹងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជារបស់យើងបាននឹងកំពុងប្រឈមដែរនោះ។

   លោក ឃួង ស្រេង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អង្គការការីតាសកម្ពុជា ដែលបានចូលរួមចំណែក ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ នេះ។

    លោក ឃួង ស្រេង បន្តបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ-១៩នេះដោយត្រូវការពារខ្លួនឱ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេកនិងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំពិសេស លាងដៃ ពាក់ម៉ាស់ការពារ ជៀសអោយបានការជួបជុំប្រមូលផ្តុំគ្នាជាដើម  ដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត និងទៅសហគមន៍។

    លោក គឹម រតនៈ នាយកប្រតិបត្តិអង្គការការីតាសកម្ពុជាបានថ្លែងថា ការផ្តល់អំណោយជាសម្ភារៈមាន ម៉ាស់ សាប៊ូ អាល់កុល និងខិតបណ្ណផ្សព្វផ្សាយដល់រដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ គឺដើម្បីចូលរួម ចំណែកជាមួយអាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆំាងនឹងជម្ងឺកូវីដ១៩ ដែលធានាបានសុខភាពសុវត្ថិភាពប្រជាពលរដ្ឋ ៕

ដោយ៖សំរិត


ចែករំលែក៖