ព័ត៌មានទាន់ហេតុការណ៍៖

ទាស់សំដីគ្នាប្តីជានគរបាលវាយបោចសក់ ទាត់២ជើង បណ្ដាលឲ្យប្រពន្ធសន្លប់ឈឹង

ចែករំលែក៖

ខេត្តរតនគិរី ៖ ប្តីប្រពន្ធមួយគូ ឈ្លោះគ្នា បង្កជាអំពើហិង្សាប្តីវាយប្រពន្ធបណ្តាលឲ្យសន្លប់ឈឹង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅ ស្ថិតនៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

មន្ត្រីនគរបាលបានឲ្យដឹងថា អំពើហិង្សាក្នុងគ្រួសារដែលបង្កឡើងដោយសារទំនាស់ ពាក្យ សម្ដី គ្នារវាងប្ដី និងប្រពន្ធ ក្រោយពីមាន ការទាស់ទែងពាក្យសម្តីគ្នា ប្ដីក៏យកដៃវាយចំកញ្ចឹង.ក បោចសក់ និងធាក់ប្រពន្ធចំនួន២ជើង បណ្តាលឲ្យប្រពន្ធរបស់ខ្លួនសន្លប់ឈឹងតែម្តង។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីទទួលបានដំណឹងអំពើហិង្សានោះមក គណៈបញ្ជាការឯកភាពស្រុកតាវែង បានបញ្ជាឲ្យកម្លាំងអធិការស្រុកចុះទៅធ្វើអន្តរាគមន៍ភ្លាមៗផងដែរ រួចបានបញ្ជូនជនរងគ្រោះជាប្រពន្ធដឹកមកកាន់មណ្ឌលសុខភាពស្រុកដើម្បី ព្យាបាល។

ជនរងគ្រោះក្រោយពេលដឹងខ្លួន ស្ថានភាពជំងឺរបស់គាត់នៅឈឺកញ្ចឹង.ក ហើយនិយាយមិនទាន់បាន។

មន្ត្រីនគរបាលថា ជនបង្កអំពើហិង្សាខាងលើមានឈ្មោះ ឡឹម សាម៉ៅ អាយុ៣៦ឆ្នាំ ជនជាតិព្រៅ មានមុខរបរនគរបាលនៃអធិការដ្ឋាននគរបាលស្រុកតាវែង និងប្រពន្ធដែលជាជនរងគ្រោះ មានឈ្មោះ ភ ជឿន អាយុ២៤ឆ្នាំ ជនជាតិព្រៅ។ អ្នកទាំង២មានទីលំនៅ នៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

បច្ចុប្បន្នលោកអធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកតាវែង កំពុងកសាងសំណុំរឿងបន្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់និងអនុវត្ត វិន័យរបស់កងកម្លាំងនគរបាលជាតិ៕ដោយ៖ នរិន្ទ្រ


ចែករំលែក៖