ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូកង់បីឆ្លងផ្លូវត្រូវយុវជនម្នាក់បើកម៉ូតូលឿនបុកបណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់ ចំណែកខាងភាគីម៉ូតូរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧និង ៣០នាទីយប់ថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវលេខ២០២ ជាប់នឹងអតីតរបងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1-IF-7313 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1T-7426 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើងមកបុកម៉ូតូកង់បីក្រឡាប់ផ្ងារជើងបណ្ដាលឲ្យអ្នកបើកម៉ូតូកង់បីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកខាងភាគីម៉ូតូរងរបួសស្រាលត្រូវបានសាច់ញាតិមកយកដឹកតាមម៉ូតូ យកទៅព្យាបាលនៅឯមន្ទីរពេទ្យដោយខ្លួនឯង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូកង់បី និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ