ភ្នំពេញ៖រថយន្តពីរគ្រឿងបុកគ្នាបណ្តាលស្រ្តីមានផ្ទៃពោះម្នាក់សន្លប់ ដែលហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង ៨យប់ទី១៤ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ បេតុង ខាងក្រោយសាលាកូរ៉េ ក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តទី១ ម៉ាកតូយ៉ូតាឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង 2B-9666 បើកបរ ដោយបុរសម្នាក់ និងមានរួមដំណើរបុរសម្នាក់ទៀត។ ចំណែកឯរថយន្តទី២ ម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-0489 បើកបរលក្ខណ:គ្រួសារ និងកូន ២នាក់ ដោយស្ត្រីជាម្ដាយមានផ្ទៃពោះ ជិតគ្រប់ខែហើយ។
ប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតា ហាយឡែនឌ័រ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនល្មម ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ឡង់គ្រីស័រ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន បានជ្រុលបុករថយន្តហាយឡែនឌ័រ ចំពីចំហៀងខាងស្តាំពេញទំហឹង បណ្ដាលឲ្យស្ត្រី ម្នាក់មានផ្ទៃពោះជិតគ្រប់ខែ បានរងរបួសសន្លប់។ ភ្លាមៗនោះ ត្រូវបានរថយន្តដឹកយកទៅមន្ទីរពេទ្យកាលម៉ែត ដើម្បីសង្គ្រោះជីវិតផងដែរ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ ចុះមកបានឲ្យភាគីទាំងពីរសម្របសម្រួលគ្នា មួយសន្ទុះក្រោយមកខាងរថយន្ដ ឡង់គ្រីស័របានសងសំណងថ្លៃខូចខាតនឹងថ្លៃព្យាបាលទាំងអស់ចំនួន ២,៨០០,០០០រៀល (ពីរលានប៉ែតសិបម៉ឺនរៀល) ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ជ្រោយពេជ្រ