ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ចាប់ខ្លួនមិនទាន់បាន មន្ត្រីយោធាវ័យក្មេង២រូប ដែលបាញ់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃ

ចែករំលែក៖

ភ្នំពេញ៖ ករណីបាញ់ប្រហារយ៉ាងសាហាវ ធ្វើអោយជនរងគ្រោះស្លាប់យ៉ាងអាណោធអាធ័ម បើទោះបីជាសមត្ថកិច្ចពាក់ព័ន្ធខិតខំទប់ស្កាត់និងបង្ក្រាបយ៉ាងណាក៏ដោយ ក៏មិនទាន់ចាប់ខ្លួនជនដៃដល់បាន។

សូមបញ្ជាក់ថា៖ មានបទល្មើសករណី២ធំៗ ដែលបានកើតឡើង នោះ គឺ ការបាញ់ប្រហារនៅហាងផឹកស៊ីទល់ៗភ្លឺ ហេបភី ណេស ខណ្ឌដូនពេញ និង ការបាញ់ប្រហារលើនិស្សិតពេទ្យនៅខណ្ឌកំបូល តែជនល្មើសពុំទាន់ចាប់ខ្លួនបាននៅឡើយទេ ។
ករណីទី១ គឺ សមត្ថកិច្ចបានកំណត់មុខសញ្ញាឃើញហើយថា ឃាតករដែលបាញ់សម្លាប់ DJ នៅហាងផឹកស៊ីទល់ៗភ្លឺ ហេបភី ណេស កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ គឺ ជាមន្ត្រីកងរាជអាវុធហត្ថវ័យក្មេង ដែលពាក់ស័ក្តិ៤ ឈ្មោះ ដួង មុនីរដ្ឋ ខណៈពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ហើយ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ករណីទី២ ឃាតករជាមន្ត្រីយោធាពាក់ស័ក្តិ៤ទាំងវ័យក្មេង ឈ្មោះ យឺន វ៉ាន់ដេត បានបាញ់សម្លាប់គូដណ្តឹងជានិស្សិតពេទ្យនិងជាអ្នកលក់ផលិតផលតាមអនឡាញ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ តែមិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឡើយទេ ដោយសង្ស័យផ្ដើមចេញពីរឿងប្រចណ្ឌ ។

ទោះបីយ៉ាងណា ទាំង២ករណីនេះ មហាជនសង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នាពេលឆាប់ៗខាងមុខនេះ ៕ដោយ៖ចេស្ដា


ចែករំលែក៖