ភ្នំពេញ ៖ អ្អ្នកកាសែតជើងចាស់ដែលមានបទពិសោធន៍ច្រើន លោក ខៀវ ភិរម្យ បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០នេះ ក្នុងជន្មាយុ៦២ឆ្នាំ ដោយសារគាំងបេះដូង ខណ:ដែលកំពុងជិះកង់ហាត់ប្រាណនិងក្រោយក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមព័ត៌មានទទួលបានសពលោក ខៀវ ភិរម្យ ត្រូវបានក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោកដែលស្ថិតនៅក្នុងបុរីប៉េងហួតបឹងស្នោ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ខៀវ ភិរម្យ ទទួលនូវការគោរពយ៉ាងខ្លាំងពីសំណាក់មិត្តរួមអាជីព ក៏ដូចជាសហការីដែលធ្លាប់ធ្វើការជាមួយលោក។ លោកជាមនុស្សដែលធ្វើការម៉ត់ចត់ ទោះមិនសូវនិយាយស្តីច្រើនក៏ដោយ។ មុននឹងកាន់តួនាទីជាផលិតករព័ត៌មាននៅទូរទស្សន៍ PNN អស់រយៈពេលជាង៥ឆ្នាំកន្លងមកនេះ លោក ខៀវ ភិរម្យ ធ្លាប់មានតួនាទីជាការីនិពន្ធនៅកាសែតភ្នំពេញ ប៉ុស្តិ៍ ជាភាសាខ្មែរ ទស្សនាវដ្តីខ្មែរអប្សរា គេហទំព័រ Everyday និងសារព័ត៌មានផ្សេងទៀត។ លោកក៏ជាទីប្រឹក្សាមួយរូបរបស់ក្រសួងព័ត៌មានផងដែរ។
ក្រុមអ្នកសារព័ត៌មានជាច្រើនបានចាត់ទុកមរណភាពរបស់លោក ខៀវ ភិរម្យ គឺជាការបាត់បង់ធនធាន មនុស្សក្នុងវិស័យសារព័ត៌មាននៅកម្ពុជាម្នាក់ ។
ជាមួយគ្នានេះ ក្រុមអ្នកកាសែតកម្ពុជា សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ័លោក ខៀវ ភិរម្យ ទៅកាន់ សុគតិភពថ្មីកុំបីខានឡើយ៕
ដោយ÷ ប្រាថ្នា