ព័ត៌មានទាន់ហេតុការណ៍៖

នៅរដូវវស្សាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មានស្ថានីយបូមទឹកចំនួន១៤កន្លែង ត្រៀមបូមរំដោះការ លិចលង់ដោយជំនន់ទឹកភ្លៀងរួចរាល់ហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅរដូវវស្សាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មានស្ថានីយបូមទឹកចំនួន១៤កន្លែង ត្រៀមបូមរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងរួចរាល់ហើយដោយសារជាច្រើនឆ្នាំកន្លងមកនេះ តែងទទួលការរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងមិនតិចជាងកន្លះថ្ងៃឬមួយថ្ងៃនោះទេ ទើបជំនន់ទឹកភ្លៀងទាំងនោះបានស្រកចុះទៅវិញអស់។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមើលឃើញថា ក្រោយពេលភ្លៀងធ្លាក់មិនបានកន្លះម៉ោងផងទឹកភ្លៀងបានហូរធ្លាក់ទៅតាមលូនិងប្រឡាយអស់។

  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យកាសែតនគរវត្ដដឹងកាលពីថ្ងៃទី១៥ ឧសភា ឆ្នាំ២០២០នេះថា៖ ដើម្បីដោះស្រាយនូវបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ មិនត្រឹមតែធ្វើការស្ថាបនាដាក់លូថ្មី ការស្ដារប្រព័ន្ធលូតូច-ធំប៉ុណ្ណោះទេ គឺបានបង្កើតឱ្យមានជាស្ថានីយបូមទឹកថ្មីជាច្រើនកន្លែងផងដែរ ។ 

   មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖  សម្រាប់រាជធានីភ្នំពេញមកដល់ពេលនេះ យើងមានស្ថានីយបូមទឹកចំនួន១៤កន្លែងហើយ ក្នុងនោះរួមមាន៖ ស្ថានីយបូមទឹកបឹងត្របែក, ស្ថានីយបូមទឹកបឹងទំពុន, ស្ថានីយបូមទឹកលូប្រាំ, ស្ថានីយបូមទឹកបុរី១០០ខ្នង, ស្ថានីយបូមទឹកទួលសំពៅ, ស្ថានីយបូមទឹកកប់ស្រូវ,ស្ថានីយបូមទឹកស្វាយប៉ាក, ស្ថានីយ៍បូមទឹកព្រះពន្លា,ស្ថានីយបូមទឹកទួលគោកទី១, ស្ថានីយបូមទឹកទួលគោកទី២ និងស្ថានីយ៤កន្លែងទៀតនៅមុខព្រះបរមរាជវាំង និងព្រះគម្លង់។

    លោកបានបន្តឲ្យដឹងទៀតថា៖ ក្រោយពីមានការស្ថាបនាការដាក់បណ្ដាញលូធំៗទំហំ១ម៉ែត្រ, ១ម៉ែត្រកន្លះ,២ម៉ែត្រ, ២ម៉ែត្រកន្លះ នៅតាមបណ្ដោយផ្លូវមួយចំនួន ការស្ដារលូ ប្រឡាយ រាប់ម៉ឺនគីឡូម៉ែត្រនិងការស្ថាបនាស្ថានីយបូមទឹក ជាមួយនឹងការបន្ថែមនូវម៉ាស៊ីនបូមទឹកនៅតាមបណ្ដាស្ថានីយសំខាន់ៗមួយចំនួននោះ គឺបានធ្វើឲ្យរាជធានីភ្នំពេញលែងមានការលិចលង់ដូចបណ្តាឆ្នាំមុនទៀតហើយ។ សកម្មភាពទាំងនេះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការសាទរ និងកោតសរសើរយ៉ាងខ្លាំងចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានដោះស្រាយការលិចលង់នេះបានល្អ ៕

ដោយ៖ សំរិត


ចែករំលែក៖