ខេត្តព្រះសីហនុ៖ ជនសង្ស័យជាជនជាតិចិនដូចគ្នាចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធសំណុំរឿងបុរសជនជាតិចិនម្នាក់ស្លាប់ក្រោយឃើញធ្លាក់ពីលើសណ្ឋាគារមហាសមុទ្រ។ករណីនេះ ជាអំពើឃាតកម្មមិនមែនជាករណីលោតសម្លាប់ខ្លួនធ្វើអត្តឃាតនោះទេ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា សំណុំរឿងបុរសជនជាតិចិនម្នាក់ស្លាប់ក្រោយឃើញធ្លាក់ពីលើសណ្ឋាគារ មហាសមុទ្រក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុកាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២០ប៉ុន្មានថ្ងៃមុននេះជាអំពើឃាតកម្មមិនមែនជាករណីលោតសម្លាប់ខ្លួននោះទេ។
បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការបញ្ជាក់ថា ជំហានដំបូងមានជនស័ង្សយជាជនជាតិចិនដូចគ្នាចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៤ ឧសភា ២០២០ នៅសណ្ឋាគារមួយកន្លែងក្បែររង្វង់មូលតោពីរក្រុងព្រះសីហនុ រួមមាន៖ ១.ឈ្មោះ Lin Xiao Jun ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរ ស្នាក់នៅបច្ចុប្បន្នក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ២.ឈ្មោះឆឹង ជីងខួយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរ ស្នាក់នៅបច្ចុប្បន្នសណ្ឋាគារហ័រស៊ាំងក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ៣.ឈ្មោះPu Song Lin ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរ ស្នាក់នៅបច្ចុប្បន្ន សណ្ឋាគារហ័រសាំង ក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន និងកំពុងសាកសួរបន្តតាមនីតិវិធី៕ដោយ៖ឆ្លាម សមុទ្រ