ព័ត៌មានទាន់ហេតុការណ៍៖

រំលោភបានសម្រេចគេចខ្លួន៧ឆ្នាំ វិលចូលស្រុកវិញត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះអំពីករណិីរំលោភសេពសន្ថវៈលើស្រ្តីរងគ្រោះម្នាក់កាលពី៧ឆ្នាំមុន។

  ជនជាប់ចោទមានឈ្មោះកោយ គង់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

   សមត្ថកិច្ចប្រាប់ថា  ជនជាប់ចោទរូបនេះបានចាប់រំលោភសេពសន្ថវៈនារីម្នាក់បានសម្រេចរួចរត់គេចខ្លួនចំនួន០៧ឆ្នាំ ទៅនៅប្រទេសថៃហើយពេលវិលត្រឡប់មកស្រុកត្រូវកម្លាំងនគរបាលស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៧៩ដបច ចុះថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៣ របស់លោកឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ។ 

 លោក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ជនជាប់ចោទត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួននៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៧៩ដបច ចុះថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៣ របស់លោកឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរ ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ 

  លោកឡាយ គឹមលូន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថាជនជាប់ចោទខាងលើត្រូវកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនរឿង ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នេះដើម្បីចាត់ការតាមនិីតិវិធីច្បាប់៕ វណ្ណា


ចែករំលែក៖