អន្តរជាតិ៖ ប្រទេសចិនបានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២០នេះ ដោយស្នើឲ្យប្រទេសទាំងអស់ដែលជាសមាជិកអង្គការសហប្រជាជាតិ (UN) បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបង់វិភាគទានដើម្បីទ្រទ្រង់អង្គការនេះ។ ចិន ក៏បាននិយាយចំឈ្មោះអាមេរិកដែលមិនទាន់បង់ចំណែករបស់ខ្លួននៅឡើយ ដោយស្នើឲ្យមហាអំណាចមួយនេះ អនុវត្តកាតព្វកិច្ចរបស់ខ្លួនឲ្យបានសកម្ម។ ចំណែកអាមេរិកវិញ បានឆ្លើយតបថា ចិនចង់បង្វែរស្ថានការណ៍ COVID-19 ប៉ុណ្ណោះ។
ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១៥ ខែឧសភា ចិនបានលើកឡើងពីបំណុលដែលរដ្ឋសមាជិកអង្គការសហប្រជាជាតិ មិនទាន់បានបង់នាពេលកន្លងមករាប់ទាំងអាមេរិកផង។ បំណុលទាំងនោះ ត្រូវបង់សម្រាប់ការចំណាយរបស់អង្គការសហប្រជាជាតិ និងប្រតិបត្តិការថែររក្សាសន្តិភាពពិភពលោក។
«មកទល់ថ្ងៃទី១៤ ខែឧសភា ទឹកប្រាក់ដែលមិនទាន់បានបង់សម្រាប់ថវិកាប្រចាំឆ្នាំមានដល់ទៅ១,៦៣ពាន់លានដុល្លារ និងថវិកាមិនទាន់បង់សម្រាប់ការថែរក្សាសន្តិភាពមាន២,១៤លានដុល្លារ។» នេះជាការបញ្ជាក់របស់សេចក្ដីថ្លែងការណ៍ចិនដោយស្រង់តួលេខពីរបាយការណ៍ការិយាល័យអគ្គលេខាធិការ និងពីកិច្ចប្រជុំថ្ងៃទី១៤ ខែឧសភា។
សេចក្ដីថ្លែងការណ៍ដដែល ក៏លើកឡើងពីបំណុលអាមេរិកដែរ។ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ចិនបន្តថា អាមេរិកមិនបានបង់វិភាគទានរបស់ខ្លួនច្រើនឆ្នាំហើយ ហើយជាកូនបំណុលធំជាងគេរបស់ UN ។ ពោល គឺអាមេរិកនៅជំពាក់លុយចំនួន១,១៦៥ពាន់លានដុល្លារសម្រាប់អង្គការសហប្រជាជាតិ និង១,៣៣២ពាន់លានដុល្លារទៀតសម្រាប់ប្រតិបត្តិការរក្សាសន្តិភាព។
តាមពិតទៅ អាមេរិក ជាប្រទេសចេញលុយហោប៉ៅខ្លួនឯងច្រើនជាងគេសម្រាប់អង្គការសហប្រជាជាតិ ដោយទទួលបន្ទុក២២ភាគរយនៃការចំណាយ ដែលស្មើនឹងប្រមាណបីពាន់លានដុល្លារ។ សម្រាប់កងទ័ពមួកខៀវវិញ អាមេរិកមានចំណែក២៥ភាគរយ ដែលស្មើនឹងជាង៦ពាន់លានដុល្លារក្នុងមួយឆ្នាំ។ យ៉ាងណាមិញ នៅឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសកាត់បន្ថយវិភាគទានរបស់អាមេរិក ដែលការណ៍នេះធ្វើឲ្យអាមេរិកជំពាក់លុយ UN ។
បន្ថែមពីនោះ ដោយសារឆ្នាំសារពើពន្ធអាមេរិកគិតពីខែតុលានោះ ការបង់វិភាគទានរបស់អាមេរិក ក៏មានការយយឺតយ៉ាវជាប្រទេសផ្សេងដែលរាប់ពីខែមករាទៅ។
យ៉ាងណាមិញ បេសកកម្មអាមេរិកប្រចាំ UN បានទាត់ចោលការស្នើរបស់ចិន ដោយហៅការស្នើនេះជាការបង្វែរសាច់រឿងរបស់ចិនដើម្បីបិទបាំងបញ្ហាCOVID-19 ។ អាមេរិកអះអាងថា ខ្លួនទើបបានបង់លុយឲ្យ UN ចំនួន៧២៦លានដុល្លារនៅពេលថ្មីៗនេះ ហើយត្រៀមបង់ថែមទៀតនៅពេលខាងមុខ។
ដោយសារប្រទេសជាច្រើនមិនទាន់បង់វិភាគទានរបស់ខ្លួន អគ្គលេខាធិការUN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ព្រមានថា ការចំណាយលើប្រតិបត្តិការថែរក្សាសន្តិភាពក៏ត្រូវអូសបន្លាយដែរ។ គិតត្រឹមថ្ងៃទី១៤ ខែឧសភា ប្រទេស៥០ក្នុងចំណោមសមាជិក១៩៣ បានបង់វិភាគទានរបស់ខ្លួនអស់ហើយ។ចិន ដែលជាប្រទេសមានចំណែកធំទីពីរ បង់ប្រាក់១២ភាគរយសម្រាប់ដំណើរការរបស់ UN និងជាង១៥ភាគរយសម្រាប់ទ័ពមួកខៀវ៕ដោយ៖សតារា