ក្រសួងការបរទេសចិន នៅថ្ងៃទី១៦ខែឧសភា បានប្រកាសថា អាមេរិក ត្រូវតែបញ្ឈប់ការដាក់គំនាបគ្មានហេតុផល ចំពោះក្រុមហ៊ុនចិន ក្នុងនោះមានក្រុមហ៊ុន បច្ចេកវិទ្យាដ៏ធំបំផុតរបស់ចិនហួវៃជាដើម។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ខែឧសភា បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសចិនដែលបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន ដែលរងគំនាបពីអាមេរិក ក្រោយពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបង្កើនការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ហួវៃ។
សកម្មភាពខាងលើរបស់ចិនកើតឡើងក្រោយពេលដែល ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែឧសភា បានសម្រេចរារាំងការផ្គត់ផ្គង់ ឈីប(Chip) ដល់ក្រុមហ៊ុនទូរគមនាគមន៍ Huawei Technologies ។ ក្រុមហ៊ុនអាមេរិកក៏បារម្ភពីការខាតបង់ ដល់ផលិតផលឈីបរបស់អាមេរិក ប្រសិនបើចិនសងសឹកវិញនោះ។
បណ្តាក្រុមហ៊ុនអាមេរិក ក៏បានស្នើច្បាប់ដល់ក្រសួងពាណិជ្ជកម្ម ដើម្បីបន្តផ្តល់ឈីបដល់ក្រុមហ៊ុន ហួវៃដដែល ប៉ុន្តែត្រូវបដិសេធ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុមហ៊ុន ហួវៃ ថាបានគំរាមកំហែងដល់សន្តិសុខជាតិ ហើយក្រុមហ៊ុននេះគឺមានពាក់ព័ន្ធរដ្ឋាភិបាលចិន។
នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសថា នឹងដាក់ក្រុមហ៊ុនអាមេរិកចូលក្នុងបញ្ជីក្រុមហ៊ុនមិនគួរឲ្យទុកចិត្តដើម្បីសងសឹកលើរដ្ឋាភិបាលអាមេរិក ដែលបានដាក់គំនាបទៅលើហួវៃ៕ដោយ៖ធី រីណា