ព័ត៌មានទាន់ហេតុការណ៍៖

ចោរមួយក្រុមឆក់ទូរស័ព្ទពីស្រ្តីម្នាក់ បានសម្រេចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់កំពុងជិះម៉ូតូជាមួយបុរសម្នាក់ទៀតធ្វើដំណើរនៅតាមដងផ្លូវបានសម្រេចគេចខ្លួនបាត់ស្រមោល

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង ២០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ២៧១ មុខផ្សារហេង លី ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ស្រី ពេជ្រ អាយុ ៣២ ឆ្នាំមុខរបរធ្វើការនៅក្រុមហ៊ុនឯកជន ស្នាក់នៅម្ដុំផ្សារត្រពាំងឈូកសង្កាត់អូបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតភូមិត្របែក ឃុំស្រង៉ែ ស្រុកទ្រាំងខេត្តតាកែវ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូបពី ពណ៌ស ពាក់ស្លាកលេខតាកែវ1T-3768 មានគ្នាពីរនាក់ដោយបុរសម្នាក់ជាអ្នកឌុប ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុរូបគាត់បានដកទូរស័ព្ទដៃមួយគ្រឿងម៉ាក samsung ណូត៨  មកឆាតនិយាយជាមួយបងប្អូន ស្រាប់តែមានជនសង្ស័យ ៣នាក់ជិះម៉ូតូ គ្រឿងមកពីក្រោយបន្ទាប់មកជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាស្គូបពីមិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃគាត់បានសម្រេច ចំណែកបក្សពួក២នាក់ទៀតដែលជិះម៉ូតូបិទគូទពីក្រោយមានម៉ូតូហុងដាឌ្រីម នឹងម៉ូតូធំនាំគ្នាបើកម៉ូតូគេចខ្លួនបាត់

បន្ទាប់ពីកើតហេតុជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

ដោយ៖ជ្រោយ ពេជ្រ


ចែករំលែក៖