តាកែវ៖ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ គឺ ជាថ្ងៃកំណត់ ដែលសន្យាដោយខ្លួនឯងថា នឹងលាចាកសិក្ខាបទ ក្រោយបែកធ្លាយវីដេអូឆាតញ៉ែស្រី ដែលនាំអោយពុទ្ធបរិស័ទ មានការរិះគន់យ៉ាងខ្លាំងក្លា និង ធ្វើអោយខូចតម្លៃព្រះពុទ្ធសាសនា យ៉ាងធ្ងន់ធ្ងរ ។
ប៉ុន្តែពេលដល់ថ្ងៃកំណត់ បែរជា ភិក្ខុ ឡុង ចន្ថា មានសង្ឃដីកា ថា «មិនទាន់អស់និស្ស័យនឹងព្រះពុទ្ធសាសនា» ដោយសន្យាថា នឹងប្រព្រឹត្តអោយបានល្អតាមព្រះវិន័យ ឡើងវិញ ។
ជុំវិញបញ្ហានេះ លោក ជួន វ៉ាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ ថ្លែងប្រាប់នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ ថា ភិក្ខុ ឡុង ចន្ថា បានគេចខ្លួនជាច្រើនថ្ងៃមកហើយ ដោយមិនទាន់ត្រឡប់ចូលព្រះកាយមកដោះស្រាយបញ្ហានេះ នៅឡើយទេ ។
ប្រធានមន្ទីរធម្មការ រូបនេះ អះអាងថា នៅពេលដែល ភិក្ខុ ឡុង ចន្ថា ធ្វើបែបនេះ គឺ ខាងខេត្ត បានរៀបចំរបាយការណ៍ជូនគណសង្ឃនាយក រួចរាល់ហើយ ដើម្បីចាត់ការបន្តនីតិវិធី ។
ប្រភពព័ត៌មានដោយឡែកមួយ បង្ហើបប្រាប់ថា ភិក្ខុ ឡុង ចន្ថា សង្ស័យកំពុងលាក់ខ្លួនពួនអាត្មាគង់នៅប្រទេសថៃ ដោយរង់ចាំសភាពការស្ងប់ស្ងាត់ទើបត្រឡប់ចូលស្រុកខ្មែរ វិញ ។
សូមបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា ធ្លាប់មានកំហុសឆ្គងជាច្រើនលើកច្រើនសារមកហើយ ដូចជាករណីសម្តែងធម៌ទេសនា បែរជាជេរបញ្ជោរពុទ្ធបរិស័ទ និង ការឆាតញ៉ែស្រីជាដើម ដែលធ្វើអោយខូចតម្លៃព្រះពុទ្ធសាសនា យ៉ាងធ្ងន់ធ្ងរ ៕ដោយ៖ចេស្ដា