ព័ត៌មានទាន់ហេតុការណ៍៖

យកដុំឥដ្ឋវាយក្បាលបុរសម្នាក់របួសដេរ៧ថ្នេរព្រោះខឹងជេរម្ដាយខ្លួនកាលពីមុនមក

ចែករំលែក៖

កណ្ដាល៖ ជនសង្ស័យម្នាក់ ខឹងគេជេរម្ដាយខ្លួនកាលពីមុនមក បានបង្កជាមានគំនុំគុំគួន ខណ:ស្រវឹងស្រាជោគជាំ​ ឃើញជនរងគ្រោះនៅឈរម្នាក់ឯង​ ក៏យកដុំឥដ្ឋវាយក្បាលជនរងគ្រោះ​ បណ្ដាលឲ្យរបួសដេរ៧ថ្នេរ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០​ វេលាម៉ោង១៨និង១០នាទី​ ចំនុចខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលលាប ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

      មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃិន សម្ភស ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ​ មុខរបរអ្នករត់ផាសស្អាប់(កង់បី)។ ចំណែកជនសង្ស័យឈ្មោះ កែវ សាមឌី ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ​ មុខរបរបើកបររថយន្ត។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិទួលលាប ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល​។ 

      ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងឈរចាំប្រពន្ធនៅផ្លូវមុខផ្ទះខ្លួន​ ខណៈនោះ ស្រាប់តែជនសង្ស័យបានជិះម៉ូតូក្នុងសភាពស្រវឹងស្រាជោកជាំឈប់នៅផ្ទះ ហើយនិយាយដៀមដាមដាក់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនតបត ហើយឈរមិនដឹងខ្លួន ភ្លាមនោះជនសង្ស័យ ក៏យកដុំឥដ្ឋមកវាយជនរងគ្រោះចំថ្ងាសខាងឆ្វេង​ បណ្តាលឲ្យបែកដេរចំនួន៧ថ្នេរ ។. បន្ទាប់ជនរងគ្រោះក៏បានរាយការណ៏ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃពួច ធ្វើការចាប់ខ្លួនតែម្ដង។ 

     តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា​ ខ្លួនខឹងជនរងគ្រោះ​ ព្រោះធ្លាប់ជេរម្តាយខ្លួនកាលពីមុន​ ទើបខ្លួនយកដុំឥដ្ឋវាយតែម្តងទៅ។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី.៕ដោយ៖ស្អាង ជ័យ


ចែករំលែក៖