មណ្ឌលគិរី៖ ស្របពេលដំណឹងស្នេហាក្រៅឆាកជាមួយដៃគូលោក ជា វិបុល កំពុងផ្ទុះឡើងកក្រើកអស់មហាជន ស្រាប់តែគេឃើញពិធីការិនី ចាន់ កែវនិមល ធ្វើដំណើរកម្សាន្តជាមួយស្វាមី និងកូនយ៉ាងរំភើយ ហាក់មិនខ្វល់នឹងពាក្យលេចលឺទាំងនោះ។
អស់ជិត១សប្តាហ៍ហើយដែលដំណឹងស្នេហ៍ក្រៅឆាករវាង លោក ជា វិបុល និងអ្នកនាង ចាន់ កែវនិមល ត្រូវបានផ្ទុះឡើងរហូតលេចលឺថា ថ្នាក់ដឹកនាំក៏បានបំបែកដៃគូដ៏សាកសមនេះចេញពីគ្នា មុនពេលមានផ្ទុះរឿងរ៉ាវកាន់តែធំ។ ជា វិបុល ត្រូវបានអ្នកផលិតកម្មវិធីដាក់ឲ្យចាប់ដៃគូគ្នាជាថ្មីជាមួយភរិយា បើទោះបីជាខុសទៅនឹងគោលការណ៍ជាមួយអ្នកឧបត្ថម្ភកម្មវិធីក៏ដោយ ខណៈ ចាន់ កែវនិមល ត្រូវងាកមកចាប់ដៃគូថ្មី លោក សុខ រ៉ាស៊ីទៅវិញ។
ភាគីលោក ជា វិបុល ងាកមកសម្របសម្រួលជាមួយភរិយា ខណៈអ្នកនាងគង់ សុជាតិ ជាភរិយាបានបញ្ចេញសារគ្រាំចិត្ត និងយំសោករហូតដេកដួល និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ទោះជារឿងផ្ទុះកាន់តែខ្លាំង ប៉ុន្តែពិធីការិនី ចាន់ កែវនិមល ហាក់មិនអើពើនឹងរឿងនេះហើយបានធ្វើដំណើរកម្សាន្តលក្ខណៈក្រុមគ្រួសារនៅកាន់ទឹកដីនៃ ខេត្តមណ្ឌលគិរីទៅវិញ។
ងាកមកពិធីការិនី គង់ សុជាតិ នៅបន្តស្នាក់នៅមន្ទីរពេទ្យ ហើយនាងនៅតែបន្តបង្ហោះសារចាក់ដោតមួយចំនួនដែលគេសង្ស័យថាជាសារដែលចង់សំដៅលើជីវិតផ្ទាល់ខ្លួន និងក្នុងន័យបញ្ឆិតបញ្ឆៀងទៅកាន់ ចាន់ កែវនិមលផងដែរ។ នាងទទួលបានសារលើកទឹកចិត្តពីគ្រួសារ និងមិត្តរួមអាជីព ក្នុងនោះអ្នកនាងយុគ ចិន្តា ជាមិត្តរាប់សិបឆ្នាំរបស់នាងក៏បានទៅសាកសួរសុខទុក្ខនាងនៅមន្ទីរពេទ្យផ្ទាល់ផងដែរ។
ទោះយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថាតើរឿងរ៉ាវស្នេហារវាងលោក ជា វិបុល និងអ្នកនាងគង់ សុជាតិ នឹងបន្តទៅជាយ៉ាងណានៅឡើយ ខណៈភាគីខាងប្រុស កំពុងព្យាយាមទាញផ្ជិតដើម្បីបញ្ចប់បញ្ហានេះ៕ ដោយ៖វឌ្ឍនា