ព័ត៌មានទាន់ហេតុការណ៍៖

បើមិនគោរពត្រូវបិទអាជីវកម្មជាបណ្តោះអាសន្ន ចំពោះភោជនីយដ្ឋាននិងអាហារដ្ឋាន ដែលមិនចូលរួមបន្តទប់ស្កាត់ ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ប្រជាពលរដ្ឋមិនមានការភ័យខ្លាចនិងបាត់ការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ហើយនៅតាមភោជនីយដ្ឋាននិងអាហារដ្ឋាន មួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាននិងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឡើយ ។

យោងតាមសេចក្តីជូនដំណឹងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ បង្ហាញថា ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ អោយកាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន ទាំងអស់អោយមានការប្រុងប្រយ័ត្ន ដូចតទៅ ៖

១-ម្ចាស់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋាន ទាំងអស់នៅរាជធានីភ្នំពេញ ត្រូវគោរពអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
២-ត្រូវរៀបចំអោយមានទឹកអាល់កុលឬជែល សម្រាប់លាងដៃនៅមុខច្រកចេញចូល និង ត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតអោយចូលក្នុងភោជនីយដ្ឋាននិងអាហារដ្ឋាន ។
៣-ត្រូវរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា «ក្នុងករណីម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋាន ជាបណ្តោះអាសន្ន»៕ចេស្ដា


ចែករំលែក៖