ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះក្រោយពីមនុស្សមួយក្រុមត្រូវបាន មន្ត្រីសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន ក្នុងនោះក៏មានអតីតតារាកំប្លែង នាងឃ្មឹបម្នាក់ផងដែរ។ ប្រធានសមាគមសិល្បៈស័្មគ្រចិត្តជួយសង្គមលោក ហេង ឡុងក៏បានបញ្ជាក់ដែរថា អតីតតារាកំប្លែង នាងឃ្មឹប ពិតជាត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនពិតប្រាកដមែន។
លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានចេញបញ្ជាក់ទទួលស្គាល់ដូច្នេះថា ៖«អតីតតារាកំប្លែងនាងឃ្មឹប ពិតជាត្រូវបានអធិការខណ្ឌដូនពេញឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០នាទី ពិតប្រាកដមែន»។លោកថារង់ចាំទទួលដំណឹងស្អែក ថាតើទោសរបស់គាត់ត្រឹមកម្រិតណា។លោកក៏សំណូមពរ សូមយុវជន ជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
គេចាំបានតារាកំប្លែង អ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប បានវិលចូលសិល្បៈវិញក្នុងអំឡុងខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីគេបានឃើញពីជីវិតតោកយ៉ាករបស់នាងនៅខេត្តបន្ទាយមានជ័យ។ នាងបានចាប់ផ្តើមការងារសម្តែងកំប្លែងរួមជាមួយក្រុមនាយកុយឡើងវិញ ប៉ុន្តែដោយសារកម្មវិធីកំប្លែងរបស់ទូរទស្សន៍មួយចំនួនត្រូវបានបិទទើបមិនមាននាង និងសមាជិកក្រុមកំប្លែងសម្តែងដូចគ្រាមុនឡើយទើបនឹងលេចដំណឹងអំពីការចាប់ឃាត់ខ្លួនទើបមានការភ្ញាក់ផ្អើលជាថ្មី។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧នាទី សមត្ថកិច្ចនគរបាល ខណ្ឌដូនពេញ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបារចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ដោយក្នុងនោះ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ (ស្រី៣) រួមមាន៖ ១/ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរ)។ ២/ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។ ៣/ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។ ៤/ឈ្មោះ រ៉េន សុធារី (ហៅ ឃ្មឹប) ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។ ៥/ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។ ៦/ឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាដក(ប្រើប្រាស់)។ ៧/ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
វត្ថុតាងដែលបានដកហូតរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់។ ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន។ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕ ដោយ៖វឌ្ឍនា