ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញ បន្តរកឃើញទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនមុខនៅផ្សារដូនស

ចែករំលែក៖

ខេត្តស្វាយរៀង៖ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់១៦មុខ ត្រូវសមត្ថកិច្ចជំនាញបន្តរកឃើញនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នៅផ្សារដូនស ស្ថិតក្នុងឃុំដូនសស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចជំនាញសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បានឱ្យដឹងថា មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់១៦មុខ មានដូចជានំបង្គារ ១៥កញ្ចប់ធំ កាហ្វេ៥កញ្ចប់ធំ នំបាញ់ត្រាង២០០កញ្ចប់ ទឹកក្រូចកូកាកូឡា១០ដបធំ (១ដបស្មើ ១,៥០លីត្រ) មីស្រួយ៣កេះ ប្រហិតរូបខ្លា២៥កញ្ចប់ ងៀតគោ២កេះធំ ម្សៅបំពងស្រួយ៣០កញ្ចប់ នំចំរុះ៥០ គីឡូក្រាម ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីដុតបំផ្លាញចោលនៅពេលក្រោយ។

សមត្ថកិច្ចដដែល បានបញ្ជាក់ថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មខេត្ត និងចុះពិនិត្យមុខទំនិញឲ្យបាន ដូចភ្លៀងរលឹមដើម្បីស្វែងរក សារធាតុ ដែលហាមឃាត់ (សារធាតុគីមី) ខណៈអ្នកបរិភោគហើយអាចប៉ះពាល់ដល់សុខភាពនិងរហូតដល់អាយុជីវិតដូច្នេះសូមឲ្យអាជីវករទាំងអស់ចូលរួមសហការ ជាមួយមន្ត្រីជំនាញ ក្នុងការចុះត្រួតពិនិត្យទំនិញផ្សេងៗគ្រប់ភេទ នៅតាមទីផ្សារក្នុងខេត្តស្វាយរៀងទាំងមូលផងដែរ៕​យឹម សុថាន


ចែករំលែក៖