ភ្នំពេញ ៖ កម្លាំងចំរុះដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យលើអ្នកបើកបរម៉ូតូនិងយានយន្តដែលល្មើសច្បាប់មានគ្រឿងស្រវឹងក្នុងខ្លួន និងបានអប់រំប្រគល់មួកសុវត្ថិភាពអោយក្មេងប្រុសឪពុកឌុបពីក្រោយ ហើយឃាត់បុរសជនសង្ស័យ២នាក់ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់ កាលម៉ោង៩យប់ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅបានអោយដឹងថាកម្លាំងចំរុះសហការកម្លាំងស្នងការរាជធានីភ្នំពេញនិងមានការដឹកនាំលោកស្នងការរងដាក់រឹតបន្តឹងច្បាប់ចរាចរណ៍និងពិនិត្យលើអ្នកបើកបរមានជាតិស្រវឹងក្នុងខ្លួនហើយមានបុរស២នាក់ជិះម៉ូតូហុងដាឌ្រីមសង់មានការសង្ស័យឃាត់ឆែកត្រួតពិនិត្យរកឃើញម្ស៉ៅក្រាមសថ្លាចំនួន១កញ្ចប់ថង់តូចសង្ស័យមានសារធាតុញៀនដែលលាក់ក្នុុងកែបម៉ូតូរួចចាប់ឃាត់ខ្លួនទៅផ្នែកគ្រឿងញៀនខណ្ឌ ។
ជនសង្ស័យទី១ឈ្មោះ ដែក ពែក អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យទី២ឈ្មោះ គង់ សូឡូ អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនិងដកហូតបានវត្ថុតាងក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូចរួមម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០០៧ពាក់ស្លាកលេខភ្នំពេញ1G-8893 និង ទូរស័ព្ទ ០១ គ្រឿងស៊េរីចាស់ ។
លោកអធិការបន្តក្នុងនោះដែរក៏បានឃាត់ម៉ូតូល្មើសច្បាប់ចរាចរណ៍អត់ពាក់មួក ចំនួន៣៦គ្រឿង អ្នកបើកមានជាតិអាល់កុលចំនួន៣នាក់ យកមកផាកពិន័យ និងអប់រំ ហើយនគរបាលយើងបានប្រគល់មួកអោយក្មេងប្រុសម្នាក់ដែលឪពុកឌុបអត់ពាក់មួកសុវត្ថិភាព ៕ជ្រោយពេជ្រ