ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ យកដុំថ្មគប់រថយន្តដឹកប្រេងក្រុមហ៊ុនតេឡា ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូឌុបគ្នា ពុំដឹងថាមានរឿងហេតុអ្វីនោះទេ បានយកដុំថ្មគប់ទៅលើរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនកម្ពុជាតេឡា មួយគ្រឿងបណ្ដាលឲ្យខូចខាតយ៉ាងដំណំ

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២០តាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣០_ ៣១ ភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮ បានឲ្យដឹងថា រថយន្តទទួលរងការខូចខាតម៉ាកSHACMAN ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3E 7222 បើកបរដោយឈ្មោះ ហួន សុភណ្ឌ័ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តដឹកប្រេងរបស់ក្រុមហ៊ុនតេលា.មានទីលំនៅភូមិបឹងកុក២ឃុំបឹងកុក ស្រុកកំពង់ចាម ខេត្តកំពង់ចាម  ចំណែកជនសង្ស័យ២នាក់ពុំស្គាល់អត្តសញ្ញាណ។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានបើករថយន្តស៊ីទែនដឹកប្រេងឥន្ធនះ របស់ក្រុមហ៊ុនតេលាត្រឡប់មកពីដឹកប្រេងដាក់ឲ្យគេ នៅស្រុកមេមត់ ខេត្តកំពង់ចាម លុះត្រលប់មកវិញជនរងគ្រោះបានបើករថយន្តចូលតាមផ្លូវជាតិលេខ៦១ឆ្ពោះមកស្ពានព្រែកក្តាម ខណៈមកដល់ស្ពានព្រែកក្តាម ជនរងគ្រោះ បានបើករថយន្តចុះតាមខ្នែងស្ពានខាងស្តាំមកផ្លូវជាតិលេខ៥ ឆ្ពោះទៅផ្លូវជាតិលេខ៥១ ក្នុងគោលបំណងបើកទៅឃ្លាំងស្តុកប្រេងឥន្ធនះនៅភូមិល្វា ឃុំទំនប់ធំស្រុកពញាឮ។ លុះពេលជនរងគ្រោះបើករថយន្តមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូឌុបគ្នាមិនស្គាល់ម៉ាកម៉ូតូ មិនស្គាល់ភិនភាគ ភេទប្រុស មកពីទិសខាងជើង បញ្រ្ចាស់និងរថយន្តរបស់ជនរងគ្រោះ ខណះនោះជនសង្ស័យម្នាក់ដែលអង្គុយពីក្រោយមានពាក់អាវធំនិងពាក់មួកសុវត្ថិភាពបានគប់ដុំថ្ម ទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះផ្នែកខាងមុខ បណ្តាលឲ្យបែកធ្លុះ ព្រមទាំងធ្លាយទៅធ្លុះបែកដល់កញ្ចក់ផ្នែកខាងក្រោយ ។បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូគេចខ្លួនតាមផ្លូវជាតិលេខ៥ទៅទិសខាងត្បូងបាត់ទៅ

ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួងចំពោះករណីខាងលើកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍កំពង់លួង កំពុងចុះស្រាវជ្រាវបន្តដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់៕ដោយ៖ស្អាង ជ័យ


ចែករំលែក៖