ប្រទេសចិន៖ សារព័ត៌មាន ABC នៅថ្ងៃ ទី១៩ ខែឧសភា បានផ្សាយថា ចិនរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត៥រិចទ័រ នៅតំបន់ភាគនិរតី នៃប្រទេសនេះ បណ្តាលឲ្យមានអ្នកស្លាប់ ៤នាក់ និងរបួស២៣នាក់ ។ ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងខ្ពស់ជាងនេះ។
យោងតាម មជ្ឈមណ្ឌលគ្រោះរញ្ជួយដីនៅចិនបានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៥រិចទ័រកើតឡើងនៅភាគនិរតីប្រទេសចិន នៅក្នុងស្រុក Qiaojia ខេត្ត Yunnan នៅម៉ោង ៩ និង ៤៧ នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្នុងជម្រៅប្រហែល ៨ គីឡូម៉ែត្រ ។
តាមក្រុមភូមិសាស្ត្រអាមេរិក (USGS)បានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះ មានកម្រិត ៤,៥ រ៉ិចទ័រ និងមានជម្រៅ ១០ គីឡូម៉ែត្រ ។ ប្រភពបញ្ជាក់ថា យ៉ាងហោចណាស់ផ្ទះមួយខ្នងបានបាក់រលំ ហើយអ្នកស្រុកបាននិយាយថា ការរញ្ជួយដីនេះបានបន្តអស់រយៈពេលជាច្រើនវិនាទី ។ ការរញ្ជួយដីនេះ ធ្វើឱ្យខូចខាតដល់អគារ និងហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនឡើងនៅក្នុងតំបន់ ។
ការរញ្ជួយដីបានកើតឡើងជាញឹកញាប់នៅក្នុងតំបន់ ដែលស្ថិតនៅលើជម្រាលភាគខាងកើតនៃតំបន់ខ្ពង់រាបទីបេ។ គួររំលឹកថា ការរញ្ជួយដីមួយលើក កាលពីឆ្នាំ ១៩៧៦ បានកើតឡើងនៅភាគឦសាននៃទីក្រុង Tangshan សម្លាប់មនុស្សយ៉ាងតិច ២៥០.០០០ នាក់ ។ ការរញ្ជួយដីដ៏អាក្រក់បំផុតរបស់ប្រទេសចិន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានវាយប្រហារ ក្នុងខេត្តស៊ីឈួនកាលពីឆ្នាំ ២០០៨ សម្លាប់មនុស្សជិត ៩ ម៉ឺននាក់ ៕ដោយ៖ធី រីណា