អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីតួកគីរបស់លោក គឺលោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទទី១៨ខែឧសភាឆ្នាំ២០២០ម្សិលមិញនេះ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស និងស្ថានភាពនៅក្នុងប្រទេសស៊ីរីនិងប្រទេសលីប៊ី ។ នេះបើយោងតាមទីភ្នាក់ងារ AKP បានចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ។
មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការឆ្លើយតបនឹងមេរោគឆ្លងកូរ៉ូណាវីរុស ក៏ដូចជាជំហានបន្ទាប់ទៀតក្រោយពីការរាតត្បាតនេះ។ ស្ថានការណ៍នៅក្នុងប្រទេសស៊ីរីក៏ត្រូវបានពិភាក្សាផងដែរនៅពេលនោះ»។ ដោយការិយាល័យរបស់លោកប្រធានាធិបតីអ៊ែរដូហ្គែន បាននិយាយថា «ប្រធានាធិបតីរបស់យើងបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក វ្ល៉ាឌីមៀរ ពូទីន។
មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីទស្សនវិស័យ នៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
វិមានក្រឹមឡាំងបានកត់សម្គាល់ថា «សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៃបណ្តាទីភ្នាក់ងារពាក់ព័ន្ធនៃប្រទេសទាំងពីរទៅលើវិធីសាស្រ្តព្យាបាល និងការអភិវឌ្ឍវ៉ាក់សាំងជាច្រើនត្រូវបានសង្កត់ធ្ងន់»។
លោក ពូទីន បានថ្លែងអំណរគុណដល់លោក អ៊ែរដូហ្គែន ដែលបានជួយក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាជនរុស្ស៊ី និងសម្រាប់ជំនួយដល់តំបន់ជាច្រើនរបស់រុស្ស៊ី។
វិមានក្រឹមឡាំងបាននិយាយថា «ប្រធានាធិបតីរុស្ស៊ី និងតួកគី បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃការប៉ះទង្គិចគ្នានៅក្នុងប្រទេសលីប៊ី»។
លោក ពូទីន និងលោក អ៊ែរដូហ្គែន បានពិភាក្សាអំពីប្រទេសស៊ីរីផងដែរ នឹងបានបង្ហាញនូវការត្រៀមខ្លួនទាំងសងខាងដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តកិច្ចព្រមព្រៀងអំពីខេត្តអ៊ីដលីប។
ប្រធានាធិបតីរុស្ស៊ី និងតួកគី បានគ្រប់គ្រងទៅលើកិច្ចចរចាអំពីបទឈប់បាញ់គ្នាមួយនៅស៊ីរីកាលពីដើមឆ្នាំនេះ ដោយបង្កើតការល្បាតរួមគ្នានៅជិតខេត្តអ៊ីដលីប ដែលជាបន្ទាយចុងក្រោយរបស់កងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសស៊ីរី៕
ដោយ៖ស តារា