ព័ត៌មានទាន់ហេតុការណ៍៖

លោក កែ គឹមយ៉ាន គាំទ្រយុទ្ធនាការដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត ពិសេសសំណុំរឿងគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រកាសគាំទ្រពេញទំហឹង ចំពោះការដាក់ចេញ ឱ្យអនុវត្តនូវយុទ្ធនាការដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត ជាពិសេសលើសំណុំរឿងបទល្មើសគ្រឿងញៀន ក៏ប៉ុន្តែ ត្រូវអនុវត្តឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ។
ក្នុងឱកាសអនុញ្ញាតឲ្យ លោក កើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ និងសហការីជួបពិភាក្សាការងារ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសគាំទ្រពេញទំហឹង ចំពោះការដាក់ចេញ ឱ្យអនុវត្តនូវយុទ្ធនាការដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត ជាពិសេសលើសំណុំរឿងបទល្មើសគ្រឿងញៀន ក៏ប៉ុន្តែ ត្រូវអនុវត្តឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ។
នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សាការងារ រវាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «និយាយជារួម គឺការខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវយុទ្ធនាការ ក្នុងដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង នៅសាលាក្តីគ្រប់ឋានានុក្រម ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី លោកអបអរសាទរ និងចូលរួមគាំទ្រយុទ្ធនាការនេះ ជាមួយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់របស់រាជរដ្ឋាភិបាល គឺមិនដើរបញ្ច្រាសគ្នាទេ គឺគាំទ្រគ្នាទៅវិញទៅមក អីចឹងក្នុងការកកស្ទះសំណុំរឿងមួយចំនួន វាពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន ដូច្នេះ យើងឯកភាពឱ្យលើកយកសំណុំរឿងគ្រឿងញៀនមកពិនិត្យ និងពិចារណា ប៉ុន្តែត្រូវអនុវត្តឱ្យលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។

បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា ការប្រកាសឱ្យអនុវត្តយុទ្ធនាការដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត របស់ក្រសួងយុត្តិធម៌ គឺមិនដើរបញ្ច្រាសក្នុងការអនុវត្តយុទ្ធនាការផ្សេងៗទៀតទេ ជាពិសេស គឺយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល។ ប៉ុន្តែ ផ្ទុយទៅវិញ គឺខិតខំលើកកម្ពស់ ការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងយុទ្ធនាការដោះស្រាយការការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត ឱ្យដើរទន្ទឹមគ្នាផងដែរ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឱ្យដឹងថា ពាក់ព័ន្ធនឹងការលើកឡើង លើសំណុំរឿងបទល្មើសគ្រឿងញៀន រួមមាន៖ បទល្មើសប្រើប្រាស់គ្រឿងញៀន ដែលត្រូវបានចោទប្រកាន់តាមមាត្រា ៤៥ និងមាត្រា៥៣ ជាមួយនឹងសំណុំរឿងដែលត្រូវផ្តន្ទាទោសមជ្ឈឹម នឹងត្រូវលើកយកពិចារណា ក៏ប៉ុន្តែការពិចារណានេះ គឺស្ថិតនៅក្នុងកម្រិតមួយ ដោយវិភាគទៅលើអង្គសេចក្តី ប្រសិនបើបញ្ហានោះធ្វើឱ្យមានផលប៉ះពាល់ ទៅដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺអាជ្ញាធរនឹងមិនលើកយកមកពិចារណានោះទេ។ ដូច្នេះយុទ្ធនាការនេះ មិនមែនជាយុទ្ធនាការដោះលែង អ្នកទោសនោះដែរ ក៏ប៉ុន្តែទាំងនេះ គឺជាការដោះស្រាយ ដើម្បីសុវត្ថិភាពសង្គម និងសុខមាលភាព របស់មនុស្សតែប៉ុណ្ណោះ។

ក្នុងជំនួបនាពេលនេះដែរ លោក កើត រិទ្ធ ក៏បានបញ្ជាក់ជូនឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឱ្យដឹងថា ក្រសួងបានបែងចែកក្រុមការងារជា៤តំបន់ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ក្រុមការងារសម្រាប់ដោះស្រាយការកកស្ទះសំណុំរឿងនេះ រួមមាន៖ លោក គឹម សន្តិភាព ទទួលខុសត្រូវរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលក្រុមការងារទី១នេះ គឺមានសំណុំរឿងច្រើនជាងគេ, ទី២៖ លោក ឡុង ណារិន្ទ ដែលទទួលបន្ទុកតំបន់សាលាឧទ្ធរណ៍ ខេត្តត្បូងឃ្មុំ, ទី៣៖ លោក ជីវ សុងហាក់ ទទួលខុសត្រូវតំបន់សាលាឧទ្ធរណ៍ ខេត្តបាត់ដំបង បូករួមខេត្តកំពង់ឆ្នាំង និងទី៤៖ លោក ជិន ម៉ាលីន ទទួលខុសត្រូវតំបន់សាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ រួមទាំងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ បន្ថែមពីនេះ ក្រុមការងារទាំង៤នេះ មានលេខាធិការដ្ឋានមួយ សម្រាប់ជួយដល់ផ្នែករដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុ។

លោក កើត រិទ្ធ ក៏បានណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ នៅក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ត្រូវអនុវត្តឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ។

គួរជម្រាបថា រហូតមកដល់ពេលនេះ សំណុំរឿងដែលកំពុងចាត់ការ នៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួន៣៩,១៥២ សំណុំរឿង (គ្រឿងញៀនមានចំនួន ៦,២៦០សំណុំរឿង) និងមានអ្នកជាប់ឃុំសរុបមានចំនួន ១២,៦៥១នាក់ (អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន ៦,៩០០នាក់)៕

ប្រភព៖ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន


ចែករំលែក៖