ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង ផ្អាកសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំនៅដែនសមុទ្រ

ចែករំលែក៖

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាស កាលពីថ្ងៃទី១៨ ខែឧសភា ផ្អាកសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំនៅលើដែនសមុទ្រ ដែលគ្រោងធ្វើឡើងនៅក្នុងសប្តាហ៍នេះ ។ ក្រសួងការពារជាតិបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្អាកធ្វើសមយុទ្ធដោយសារតែអាកាសធាតុអាក្រក់ ។ ជាមួយគ្នានេះក្រសួងការពារជាតិក៏បានច្រានចោល ព័ត៌មានថាការផ្អាកសមយុទ្ធដោយខ្លាចប្រឈមមុខតានតឹងជាមួយកូរ៉េខាងជើង។
តាមគម្រោងកម្លាំងទាហានជើងទឹកប្រទេសនេះ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជាប្រចំនៅដែនសមុទ្រ Uljin ភាគខាងត្បូង កូរ៉េខាងត្បូង នៅថ្ងៃទី១៩ខែឧសភា។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Choi Hyun Soo បានបញ្ជាក់ថា គម្រោងធ្វើសមយុទ្ធមានបាញ់មីស៊ីលពីនាវាចម្បាំងនិងយន្តហោះចម្បាំង ។
ប៉ុន្តែយោធាបានសម្រេចចិត្តបញ្ឈប់សមយុទ្ធនេះ ដោយធ្វើឱ្យមន្រ្តីជំនាញមានការព្រួយបារម្ភហួសហេតុអំពីការតវ៉ាដែលអាចកើតមានពីកូរ៉េខាងជើង ខណៈដែលការសម្រេចនេះបានកើតឡើងបន្ទាប់ពីយោធាកូរ៉េខាងជើងបានប្រតិកម្មយ៉ាងខ្លាំងចំពោះសមយុទ្ធរួមគ្នារវាងកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាសនៅសមុទ្រលឿងកាលពីដើមខែនេះ។
ជារឿងដ៏ល្អមួយដែល កូរ៉េខាងត្បូងបានផ្អាកធ្វើសមយុទ្ធ អាចជួយដល់ទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើង បើទោះបីផ្អាកក្នុងស្ថានភាព បែបណាក្តី ។ កូរ៉េទាំងពីរក៏មានបំណង តភ្ជាប់កិច្ចពិភាក្សា នាពេលខាងមុខ ក្រោយស្ថានភាពកូវីដ១៩ ស្ងប់ស្ងាត់៕ដោយ៖ធី រីណា


ចែករំលែក៖