ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកលេងកាំបិតផ្គាក់ ក្នុងភូមិម្នាក់បន្ទាប់ពីប៉ុនប៉ងកាប់សម្លាប់មនុស្ស

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាច បានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ទាញកាំបិតផ្គាក់ដេញកាប់គេឯងមិនបានសម្រេច ។

 ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង១៥នាទី ព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ផន ផល្លី ហៅឃ្លី ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលលាចប្រាប់ភ្នាក់ងារកាសែតនគរវត្តតាមទូរស័ព្ទថា ជនសង្ស័យឈ្មោះ ស៊ន សុទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ជននេះជាមុខសញ្ញាក្មេងទំនើងអុកឡុកក្នុងមូលដ្ឋាន ដូចជាជិះម៉ូតូដាក់បំពង់សុីមាំងបំពងសំឡេង អុកឡុកតាមផ្លូវសាធារណៈឬវត្តអារាមជាដើម ហើយក៏ធ្លាប់ចាប់មកធ្វើការអប់រំច្រើនដងមកហើយដែរ ។

 លោក នាយប៉ុស្ដិ៍បន្តថា ករណីឃាត់ខ្លួនមុខសញ្ញាខាងលើនេះ ធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់តាមរយៈទូរស័ព្ទ ពីជនរងគ្រោះឈ្មោះ ផន ផល្លី ហៅឃ្លី ភេទប្រុស អាយុ៥៣ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ថា ជនបង្ករូបនេះបានទាញកាំបិតផ្គាក់ដូចក្នុងរូបភាព ដេញកាប់ខ្លួនដល់ក្នុងរបងផ្ទះប៉ុន្តែមិនបានសម្រេច ដោយសារខ្លួនគេចផុតៗហើយជននេះបែរជាកាប់សសរផ្ទះបណ្ដាលឲ្យខូចខាតទៅវិញ។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កន្លងមកជននេះធ្លាប់ចេញចូលផ្ទះគាត់ដូចអ្នកភូមិផងរបងជាមួយដែរ។លុះប៉ុន្មានថ្ងៃមុននេះ គាត់បាននិយាយបែបអប់រំដល់ជននេះថាម៉ូតូក្មួយឯងកុំដាក់បំពង់សុីមាំុងម៉ូតូបំពងសំឡេងឮៗបែបនឹងគេឯងដេកពួនមិនបានទេ។ ស្រាប់តែនៅថ្ងៃនេះមិនដឹងជននេះស្រវឹងស្រាមកពីណា ក៏មកបញ្ចេញសកម្ម ភាពដេញកាប់គាត់បែបនេះតែម្តង ។

ក្រោយឃាត់ខ្លួនបាន ជនសង្ស័យជាមុខសញ្ញារូបនេះរួមទាំងសម្ភារៈ កាំបិតផ្គាក់មួយដើមជាវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅបំពេញសំណុំឯកសារ បញ្ជូនខ្លួនទៅផ្នែកជំនាញព្រហ្មទណ្ឌដើម្បីបន្តនីតិវិធី ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖