ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត នឹងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញនាំយកអំណោយកាកបាទក្រហមកម្ពុជា យកមកចែកជូន ដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ចាស់ជរា ជនពិការ កុមារកំព្រា និងស្ត្រីមេម៉ាយគ្មានទីពឹងចំនួន ១៥០ គ្រួសារ ដែលរស់នៅ ឃុំព្រះរំកិល ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ការនាំយកអំណោយកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋនេះ ក៏មានការចូលរួមដោយ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទកក្រហមកម្ពុជាខេត្ត អនុគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានជាច្រើនរូប ។
នាឱកាសនេះ លោកម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្តេចប្រធានកាកបាទក្រហមកម្ពុជា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
លោកម៉ុម សារឿន មានប្រសាសន៍ថា នេះហើយជាការយកចិត្តទុកដាក់ និងការមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់កាកបាទក្រហមកម្ពុជានឹង សម្តេចទាំងទ្វេ ដែលសម្តេចតែងតែងខ្វាយខ្វល់និងរិះរកគ្រប់មធ្យោបាយ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេល ដែលជួបទុកលំបាក
ហានិភ័យ ឬគ្រោះមហន្តរាយផ្សេងៗ ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង កំពុងតែរងគ្រោះ ដោយសារជំងឺ កូវិដ-១៩ ដែលកំពុងឆ្លងរីករាលដាល។
ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ទឹងត្រែងបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព ឲ្យបានល្អ ពិសេស រស់នៅ ត្រូវប្រកបដោយអនាម័យ ព្រមទាំងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ ដើម្បីជៀសផុសពី ជំងឺ កូវិដ-១៩ ទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថាអំណោយកាកបាទក្រហមកម្ពុជាដែលផ្តល់ជូនដល់ បងប្អូនប្រជាពលរដ្ឋនាពលនេះ ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះទាំង១៥០ គ្រួសារ ក្នងមួយគ្រួសារៗ ទទួលបាន អង្ករទម្ងន់២៥ គីឡូក្រាម ត្រីខ ទឹកសុទ្ធ និង នំបុ័ង ផងដែល៕
មាស សុផាត