ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលេងដាវកាំបិតគំរាមនិងកាប់សម្ភារៈរបស់ប្រជាពលរដ្ឋត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

កណ្ដាល​៖ជនសង្ស័យម្នាក់ ដោយសារមានសារធាតុញៀនក្នុងខ្លួន បែកគំនិតយកដាវនិងកាំបិតគំរាមកំហែង និងកាប់បំផ្លាញសម្ភារៈរបស់ប្រជាពលរដ្ឋជិតខាងខូចខាតអស់មួយចំនួន ទីបំផុតត្រូវបាននគរបាលស្រុកមុខកំពូលចាប់ខ្លួន។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី១៨ ខែឧសភា​ឆ្នាំ២០២០ វេលាម៉ោង១៥និង២០នាទី​ រសៀលស្ថិតក្នុង ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ 

    មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឯល សាភីយ៉ាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម​ មុខរបរអ្នកនេសាទត្រី​។ ចំណែកជនរងគ្រោះឈ្មោះ ឯល អះស្អារី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរអ្នកនេសាទត្រី ។

ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកវត្ថុតាងចាប់យកបាន÷ ដាវដែកកែច្នៃ ដងឈើចំនួន០១ និងកាំបិតចុងស្រួចដងជ័រចំនួន១ ។

      ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន និងធ្លាប់បង្កការអុកឡុក គំរាមកំហែង ប្រពន្ធកូននិងឪពុកម្ដាយជាច្រើនដងមកហើយ។ កាលពីឆ្នាំ២០១៨ ជនសង្ស័យធ្លាប់បានក្រុមគ្រួសារយកទៅដាក់មណ្ឌលកែប្រែបន្សាបគ្រឿងញៀនចំនួន២លើក រួចមកហើយ ។ លុះមកដល់ថ្ងៃកើតហេតុវេលាម៉ោង១៥និង២០នាទី ជនសង្ស័យបានកាន់ដាវដែកកែច្នៃរបស់ខ្លួនចេញពីផ្ទះ ទៅរកកាប់ជនរងគ្រោះនិងក្រុមគ្រួសារ ហើយបានស្រែកគំរាមរកសំលាប់ជនរងគ្រោះនិងក្រុមគ្រួសារថែមទៀត ដោយជនរងគ្រោះឃើញសភាពដូច្នេះ ជនរងគ្រោះនិងក្រុមគ្រួសារមិនហ៊ានតបតអ្វីឡើយ។ បន្ទាប់មកជនសង្ស័យបានកាន់ដាវរបស់ខ្លួនចុះទៅលើទូករបស់ជនរងគ្រោះដែលចតនៅមាត់ទឹកច្រាំងទន្លេ ហើយក៏បានធ្វើសកម្មភាពកាប់បំផ្លាញទូករបស់ជនរងគ្រោះបណ្ដាលឲ្យខូចខាត​អស់មួយចំនួន។ ភ្លាមៗនោះ ជនរងគ្រោះក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលឬស្សីជ្រោយ ដើម្បីជួយអន្តរាគមន៌។ 

    បន្ទាប់ពីកម្លាំងនគរបាលទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏ចុះមកកន្លែងកើតហេតុ រួចចាប់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់៕ស្អាង ជ័យ


ចែករំលែក៖