ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន២៧កញ្ចប់

ចែករំលែក៖

កណ្ដាល៖ ក្រុមជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ធ្វើការបង្ក្រាបឃាត់ខ្លួន និងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២៧កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ករណីនេះធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី ត្រង់ចំណុចក្នុងបន្ទប់លេខA2 ស្ថិតក្នុងភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ចាប់ខ្លួនបាន២នាក់                                                 ទី១-ឈ្មោះ ភាព សុិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរកមិនពិតប្រាកដ មានទីលំនៅភូមិទប់មាន់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​ ទី២-ឈ្មោះ ផល សុភ័ក្រ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល​។ ចំណែកជនសង្ស័យរត់គេចខ្លួនឈ្មោះ សន ផានិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។. ដោយឡែកវត្ថុតាង ដកហូតមាន: ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាសារធាតុធាតុញៀនម៉ាទឹកកក ចំនួន២៧កញ្ចប់ (ធំ២កញ្ចប់ មធ្យម ២៥កញ្ចប់)​,​ជញ្ជីង ថ្លឹងថ្នាំញៀនចំនួន០១,​ការបូបស្ពាយពណ៌ក្រហម១ សម្រាប់ដាក់ថ្នាំញៀន ,​ទូរសព្ទ័ដៃ៣គ្រឿង,​ម៉ូតូ២គ្រឿងនិងឧបករណ៏សម្រាប់ប្រើប្រាស់ថ្នាំញៀនិងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលម្កាក់​ បានទទួលព័ត៍មានថា មានមុខសញ្ញាកំពុងជួញដូរនិងប្រើប្រាស់ថ្នាំញៀនក្នុងបន្ទប់លេខA២ នៅភូមិរំដេញ ឃុំម្កាក់ ភ្លាមនោះកម្លាំងប៉ុស្ថិ៍ម្កាក់បានរាយការណ៍បន្តទៅកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក ចុះទៅដល់កន្លែងកើតហេតុ​ធ្វើការបង្ក្រាបបានឃើញជនសង្សយ័២នាក់កំពុងនៅក្នុងបន្ទប់​រួចក៏បានឃាត់ខ្លួននិងធ្វើការឆែកឆេរបានរកឃើញវត្ថុតាងថ្នាំញៀន២៧កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត យកមកអធិការដ្ឋាននគរបាលស្រុក​ដើម្បី

កសាងសំណុំរឿងចាត់ការតាមច្បាប់​។ ចំណែកជនសង្ស័យម្នាក់ទៀត​ បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្សយ័ឈ្មោះ ភាព សុិន បានឆ្លើយសារភាពថា.​ ថ្នាំញៀននេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីជនម្នាក់នៅខេត្តកំពង់ស្ពឺ ដោយទិញម្តងតម្លៃ ១,​០០០ដុល្លារ ដើម្បីយកមកលក់បន្ត៕ស្អាង ជ័យ


ចែករំលែក៖