ប្រធានាធិបតីប្រេស៊ីលតែងតែប្រឆាំងទៅនឹងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ។ មិនតែប៉ុណ្ណោះក៏បានចូលរួមជាមួយក្រុមបាតុករប្រឆាំងនឹងច្បាប់ហាមប្រាមទៀតផង។ ជាលទ្ធផលនៅពេលនេះមានពលរដ្ឋប្រេស៊ីល ដល់ទៅជាង១ពាន់នាក់ស្លាប់ ក្នុងរយៈពេល២៤ម៉ោង ដោយសារវីរុសកូវីដ-១៩ ។
សារព័ត៌មានAFP នៅថ្ងៃទី២០ខែឧសភាបានផ្សាយថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៩ ខែឧសភា បានប្រកាសថា ប្រទេសនេះមានអ្នកបាត់បង់ជីវិត ១.១១៩ នាក់ ក្នុងរយៈពេល២៤ម៉ោង ។ នេះជាការបាត់បង់ជីវិតដ៏ច្រើនបំផុតចាប់តាំងពីវីរុសកូវីដ-១៩ រាតត្បាត នៅក្នុងប្រទេសប្រេស៊ីលមក។
ក្រសួងសុខាភិបាលប្រេស៊ីល បញ្ជាក់ថា ប្រទេសនេះមានអ្នកបាត់បង់ជីវិតសរុបកើនឡើង១៧. ៩៧១នាក់ ដោយសារកូវីដ-១៩ ។ ចំណែកអ្នកឆ្លងថ្មី គិតក្នុងរយ:ពេល២៤ម៉ោង ចំនួន ១៧ .៤០៨នាក់ ធ្វើឲ្យកើនឡើង សរុប ២៧១. ៦២៨ នាក់ ។
អ្នកជំនាញ បានលើកឡើងថា ប្រទេសនេះប្រឈមមុខនឹងស្ថានភាពដ៏អាក្រក់បន្ថែមទៀត រហូតដល់ដើមខែមិថុនា។ រីឯចំនួនអ្នកធ្វើតេស្តរកវីរុស មានចំនួនតិចតួច នៅក្នុងប្រទេសនេះ ។
បច្ចុប្បន្នប្រេស៊ីលបានក្លាយជាប្រទេសមានលេខរៀងទី៣ នៃប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត នៅលើពិភពលោក ដោយសារការឆ្លងរាតត្បាតពីវីរុសកូវីដ-១៩ ។ អាមេរិក ជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនបំផុត ដោយមានអ្នកឆ្លង ជាង ១,៥ លាននាក់ ក្នុងនោះបាត់បង់ជីវិត ៩២.០៩៨ នាក់ និងជាសះស្បើយ ២៩៤.៧៤១នាក់ ផងដែរ។ រុស្ស៊ី ជាប្រទេសរងគ្រោះធ្ងន់ធ្ងរលំដាប់ទី២ មានអ្នកឆ្លង សរុប ២៩៩.៩៤១ នាក់ ក្នុងនោះបាត់បង់ជីវិត ២.៨៣៧នាក់ និង៧៦ .១៣០នាក់បានជាសះស្បើយ ៕ដោយ៖ធី រីណា