ភ្នំពេញ៖ តារាចម្រៀងសំនៀងក្រអួន ចែម ស្រីល័ក្ខ ត្រូវបានគេស្គាល់ច្រើនតាមរយៈស្នាដៃបទចម្រៀងសិល្បៈជាច្រើនបន្តបន្ទាប់។ អ្វីដែលកាន់តែធ្វើឲ្យអ្នកស្តាប់ចាប់ចិត្តដិតអារម្មណ៍គឺបទចម្រៀងប្រពៃណី(ភ្លេងការ) ដែលបទជាច្រើនរបស់នាងមានអ្នកចូលទស្សនា និងស្តាប់រាប់លានដងឯណោះ។
មានទឹកដីកំណើតដែលប្រមូលផ្តុំដោយអ្នកមានទេពកោសល្យសិល្បៈ នាភូមិកញ្ចាង ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ចែមស្រី ល័ក្ខ កើតក្នុងត្រកូលជាអ្នកសិល្បៈ ដែលឪពុក ជាអ្នកលេងភ្លេងប្រពៃណី។ នាងតែងដើរតាមឪពុកគ្រប់ទីកន្លែងពិសេសនៅតាមរោងការនានាក្នុងភូមិ និងតំបន់។ មានទេពកោសល្យ ឈាមជ័រជាអ្នកសិល្បៈនាងឆាប់ចាប់បាននូវការច្រៀងចំរៀងប្រពៃណី និងមហោរី គួបផ្សំនឹងការជួយបង្ហាត់បង្ហាញណែនាំពីឪពុក ធ្វើឲ្យនាងអាចច្រៀងបានចាប់តាំងពីអាយុ៨ឆ្នាំ។ សមត្ថភាព ទេពកោសល្យដែលមិនបានមកដោយចៃដន្យនេះបានរុញច្រានឲ្យ ចែម ស្រីល័ក្ខ មានឱកាសក្នុងការដុសខាត់សមត្ថភាព និងជួយក្រុមគ្រួសារលើការរកប្រាក់ចំណូលបានមួយផ្នែក។ នាងកាន់តែធ្វើឲ្យទស្សនិកជនស្គាល់ក្រោយពីបានចូលប្រកួតក្នុងកម្មវិធីសិល្បៈទូរទស្សន៍មួយរហូតទទួលបានជ័យលាភីលេខ១ គឺកម្មវិធី“ផ្កាយរះក្នុងសួន”។ អ្វីដែលកាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលគឺក្រោយពេល នាងចូលរួមប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣។
តារាចម្រៀងស្រីរូបនេះលើកឡើងថា គ្រប់ប្រភេទស្នាដៃបទចម្រៀងទាំងនាងពិតជាពេញចិត្ត ប៉ុន្តែអារម្មណ៍នៃការស្រលាញ់ដកចិត្តមិនបានគឺទម្រង់សិល្បៈចម្រៀងប្រពៃណី និងមហោរី ហើយបទចម្រៀងទាំងនេះនាងមិនមានការលំបាកច្រើននោះទេព្រោះតែធ្លាប់ឆ្លងកាត់ការច្រៀង និងហ្វឹកហាត់តាំងពីកុមារមកនោះ។ តារាស្រីរូបនេះលើកឡើងដែរថាកន្លងមកនាងធ្លាប់បានបញ្ចេញស្នាដៃបទចម្រផងប្រពៃណីជាច្រើន លើបណ្តាញសង្គមYoutube និងទទួលបានការគាំទ្រច្រើនពីអ្នកស្តាប់ ដូចជាបទ”អ៊ុំទូកក្លាយ” ជាដើម ដែលមានអ្នកចូលស្តាប់ប្រមាណជាង៤លានដង។ តារាចម្រៀងវ័យ២៣ ឆ្នាំរូបនេះបញ្ជាក់ដែរថា នាងត្រៀមបញ្ចេញស្នាដៃបទចម្រៀងសម័យ ពិសេសបទចម្រៀងប្រពៃណី(ភ្លេងការ) មួយចំនួនបន្ថែមទៀតដើម្បីបំពេអារម្មណ៍ទស្សនិកជន ហើយនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕ ដោយ ៖វឌ្ឍនា