អន្តរជាតិ៖ ប្រជាជនប្រមាណ ១៨៣លាននាក់នៅក្នុងប្រទេសចំនួន ៤៧កំពុងប្រឈមនឹងអសន្តិសុខស្បៀងអាហារ ក្នុងនោះមានប្រទេសកូរ៉េខាងជើងផងដែរ ដោយសារតែប្រទេសនេះ បានបិទព្រំដែន និងការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកបានរឹតត្បិតការទទួលបានផលិតផលកសិកម្ម ។ នេះបើតាមការអះអាងពីទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ ។
អង្គការស្បៀងអាហារ និងកសិកម្ម ( FAO ) ក៏បានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍មួយថា នៅឆ្នាំនេះ ថវិកាប្រហែល ៣៥០លានដុល្លារអាមេរិកនឹងត្រូវការជាចាំបាច់ដើម្បីផ្តល់ជំនួយចាំបាច់ដល់ប្រទេសទាំងនោះដែលកំពុងប្រឈមមុខនឹងវិបត្តិ «ខណៈដែលការរាតត្បាតនៃជំងឺកូវីដ–១៩ កំពុងបំផ្លាញជីវិតមនុស្ស ប្រព័ន្ធសុខភាពសាធារណៈជីវភាពរស់នៅ និងសេដ្ឋកិច្ចនៅទូទាំងពិភពលោក ប្រជាជនដែលរស់នៅក្នុងបរិបទវិបត្តិស្បៀងអាហារនិងអ្នកដែលមានភាពធន់ទ្រាំត្រូវបានបំផ្លាញដោយវិបត្តិសេដ្ឋកិច្ចពីមុនត្រូវបានរងផលប៉ះពាល់ជាពិសេស»។
របាយការណ៍នេះបាននិយាយបន្ថែមថា « ជាសកល ការរាតត្បាតនៃជំងឺកូវីដ–១៩ បានជះឥទ្ធិពលដោយផ្ទាល់ទៅលើប្រព័ន្ធស្បៀងអាហារតាមរយៈផលប៉ះពាល់លើការផ្គត់ផ្គង់ និងតម្រូវការស្បៀងអាហារ នឹងដោយប្រយោលតាមរយៈការថយចុះនូវអំណាចទិញ សមត្ថភាពផលិតនិងការចែកចាយស្បៀងអាហារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការថែរក្សាដែលទាំងអស់នេះនឹងមានផលប៉ះពាល់ខុសគ្នាហើយនឹងជះឥទ្ធិពលកាន់តែខ្លាំងដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ»។
របាយការណ៍បានកត់សម្គាល់ថា «មានហានិភ័យធ្ងន់ធ្ងរដែលមនុស្សនឹងជួបប្រទះនឹងស្ថានភាពអត់ឃ្លាន ប្រសិនបើតម្រូវការមិនត្រូវបានបំពេញ» ថវិកាប្រមាណ ៣៥០លានដុល្លារអាមេរិកនឹងត្រូវក្លាយជាតម្រូវការដើម្បីធានាដល់ការផ្តល់ជំនួយចាំបាច់ដែលមានតម្រូវការខ្ពស់រួចហើយ។
ទោះជាយ៉ាងណា វាមិនបានផ្តល់ព័ត៌មានលម្អិតស្តីពីស្ថានភាពនៅកូរ៉េខាងជើង ដូចជាថា តើមានមនុស្សប៉ុន្មាននាក់កំពុងប្រឈមមុខនឹងបញ្ហាកង្វះស្បៀងអាហារនោះទេ៕ដោយ៖ស តារា