ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តបាត់ដំបងបង្ហាញពីហានិភ័យដែលពលករខ្មែរឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ

ចែករំលែក៖

ខេត្តបាត់ដំបង÷ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងនៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះ សមត្ថកិច្ចពាក់ព័ន្ធបានថ្លែងនូវការលំបាកមួយចំនួនដែលខាងភាគីថៃមិនសហការល្អជាមួយភាគីខ្មែរ ដោយពេលខ្លះខ្មែរ បានបិទមិនឲ្យចេញ ចូលឆ្លងដែន តែថៃលួចឲ្យចេញចូលឆ្លងដែនដើម្បីយកលុយពីប្រជាពលរដ្ឋខ្មែរផងដែរ។ម្យ៉ាងវិញទៀតពលករខ្មែរបានឆ្លងដែនតាមមេខ្យល់ដឹកនាំឬតាមថៅកែថៃអនុញ្ញាតឲ្យចូលទៅទឹកដីថៃរបស់គេ។

មេបញ្ជាការរងយោធភូមិភាគទី៥ទទួលបន្ទុកកិច្ចការព្រំដែនគោក បាន បញ្ជាក់ថា ករណីពលករឆ្លងដែនដោយខុសច្បាប់ដើម្បីទៅធ្វើការនៅប្រទេសថៃកន្លងមកពលករខ្លះគឺមានការបាត់ខ្លួនដោយសារថៃបាញ់សម្លាប់ ខ្លះទៀតបានជាប់ទោសដោយបទល្មើសព្រៃឈើនិងបទល្មើសផ្សេងៗទៀត។ 

គណៈ:បញ្ជាការឯកភាពខេត្តបានរំលឹកថា កាលពីពាក់កណ្តាលខែមេសាកន្លងទៅគ្រាដែលជំងឺកូវិដ-១៩ផ្ទុះការរាតត្បាតលើពិភពលោក ពលករខ្មែរជាង៨ម៉ឺននាក់បានវិលចូលប្រទេសវិញ ។ ស្របពេលមានអ្នកចូលប្រទេសនោះដែរក៏មានពលករខ្មែរមួយចំនួនព្យាយាមចាកចេញពីប្រទេសវិញដោយខុសច្បាប់តាមរយៈមេខ្យល់ដើម្បីចូលទៅប្រទេសថៃវិញដែរ ៕

ដោយ÷ ស សារ៉េត


ចែករំលែក៖