កន្លងមកអាមេរិកបានចោទក្រុមហ៊ុនចិន ហួវៃ ថាបានលួចលាក់ រកស៊ីខុសច្បាប់បំពានការដាក់ទណ្ឌកម្ម របស់អាមេរិក ធ្វើឲ្យអគ្គនាយកទទួលបន្ទុកហិញ្ញវត្ថុរបស់ក្រុមហ៊ុននេះត្រូវចាប់ខ្លួននៅក្នុងប្រទេសកាណាដា ហើយពេលនេះមិនទាន់ដោះលែងនៅឡើយ។
នៅពេលនេះ អាមេរិក បន្តដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធរកស៊ីជាមួយអុីរ៉ង់។ ក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ដែលអាមេរិកចោទថា បានធ្វើជាតំណាង ឲ្យក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងដឹកជញ្ជូនអាវុធទៅឲ្យទាហានអុីរ៉ង់ទៀតផង។
ក្រុមហ៊ុនចិន Shanghai Saint Logistics Limited បានធ្វើសកម្មភាពដូចជាក្រុមហ៊ុន សាខារបស់អាកាសចរណ៍ អុីរ៉ង់ Hahan Air ដែលមានទីតាំងនៅក្នុងប្រទេសចិន បានផ្តល់សេវាកម្ម ហិរញ្ញវត្ថុដល់ក្រុមហ៊ុនអុីរ៉ង់។ នេះជាក្រុមហ៊ុនទី៧ហើយដែលក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មពាក់ព័ន្ធ ជាមួយក្រុមហ៊ុន Mahan Air ។ ក្រុមហ៊ុនអាកាសចរណ៍ Hahan Air កំពុងតែហោះហើររវាងអុីរ៉ង់ និឹងវេណេហ្ស៊ុយអេឡា ជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដឹកក្រុមអ្នកឯកទេសវិស័យឧស្សាហកម្មប្រេង ទៅជួយដល់ វេណេហ្ស៊ុយអេឡាដំណើរការរោងចក្រប្រេងឡើងវិញ ។
ក្រសួងហិញ្ញាវត្ថុអាមេរិក បានបញ្ជាក់ថា រាល់សកម្មភាពគាំទ្រ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ដំណើរការផលិតប្រេងឡើងវិញជារឿងខុសច្បាប់។ ដោយវេណេហ្ស៊ុយអេឡា កំពុងតែទទួលរងទណ្ឌកម្មអាមេរិក ៕ដោយ៖ធី រីណា