ពិភពលោក៖ តាមគេហទំព័រ worldometers គិតត្រឹមម៉ោង៤ រសៀលថ្ងៃទី២០ខែឧសភា នៅទូទាំងពិភពលោក មានអ្នកឆ្លង កើនឡើងដល់ ៥ ០០២ ៤៣៩ នាក់ និងស្លាប់ ៣២៥ ២១៤ នាក់ ។ ក្រៅពីនេះក៏មានអ្នកជាសះស្បើយ កើនឡើងដល់ទៅ ១ ៩៧១ ៣៥៣ នាក់ផងដែរ។
អាមេរិក នៅតែជាប្រទេសនាំមុខគេពីចំនួនអ្នកឆ្លង ដដែល ដោយនៅទូទាំងអាមេរិកមានអ្នកឆ្លងដល់ទៅ ១ ៥៧០ ៥៨២នាក់ និងស្លាប់៩៣ ៥៣៣នាក់ ។
ដោយមានអ្នកឆ្លងចេះតែកើនឡើង អាមេរិក បានព្រមព្រៀងបន្តបិទព្រំដែនជាមួយកាណាដានិង ម៉ិចស៊ីកូ ថែម១ខែទៀត។ អាមេរិក ម៉ិចស៊ីកូ និងកាណាដា កាលពីថ្ងៃទី ១៩ខែឧសភា បានសម្រេចបិទព្រំដែន បន្ថែម៣០ថ្ងៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស កូវីដ ១៩ ។
ក្រសួងសន្តិសុខជាតិ អាមេរិក បានប្រកាសថា ច្បាប់ ហាមប្រាមធ្វើដំណើរឆ្លងកាត់ព្រំដែន ជាលើកដំបូង ត្រូវបានអនុម័តនៅពាក់កណ្តាលខែមីនា។ តាមគម្រោង ច្បាប់នេះនឹងបញ្ចប់នៅថ្ងៃទី ២០ ខែឧសភានេះ។ ប៉ុន្តែរដ្ឋាភិបាលប្រទេសទាំង៣ បានសម្រេច បន្តបិទរហូតដល់ថ្ងៃទី២២ខែមិថុនា ឆ្នាំ ២០២០ ទាំងព្រំដែនអាមេរិក ម៉ិចស៊ីកូ និងកាណាដា។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា «នេះជាការសម្រេចដ៏មានសារសំខាន់ដើម្បីធានាសន្តិសុខសុវត្ថិភាព ដល់ពលរដ្ឋ ទាំងអស់»។ដោយ៖ធី រីណា