ភ្នំពេញ៖ ស្របពេលដែល ជំងឺកូវីដ–១៩បាននិងកំពុងវាយលុកនៅលើពិភពលោកទាំងមូល ហើយក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងនូវការឆ្លង ជំងឺកូវីដ–១៩ដែរនោះ គេបានមើលឃើញថាក្នុងរយៈពេលប៉ុន្មានខែជាប់គ្នានេះមាន ក្រុមហ៊ុន អង្គការ ប្រទេសជាមហាមិត្តនិងសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភជាសម្ភារមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ហាញពីការចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។
ជាក់ស្ដែង បើយើងគិតចាប់ពីថ្ងៃទី០៩ខែ មិីនាឆ្នាំ ២០២០ រហូតដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០ កន្លងមកនេះ គេបានឃើញសប្បុរសជន ដូចជាក្រុមហ៊ុនឯកជន មន្ត្រីក្នុងជួររាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល បានជួយឧបត្ថម្ភសម្ភារយ៉ាងច្រើនមកឲ្យរដ្ឋបាលរាជធានីភ្នំពេញដែលមានទាំងអាល់កុល ជែល ស្រោមដៃ អង្ករសម្លៀកបំពាក់ការពារ និងឧបករណ៍ពាក់ព័ន្ធនឹងការកម្ចាត់នូវជំងឺកូវីដ–១៩នេះ ហើយក្រុមហ៊ុននិងសប្បុរសជនដែលបានជួយឧត្តមនេះ មានដូចជា ក្រុមហ៊ុនឡាក់គី លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ែន សំអន ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនណាហ្គាវើល ក្រុមហ៊ុន TCU polys Enterpise ក្រុមហ៊ុនLSV អង្គការការីតាសកម្ពុជា ក្រុមហ៊ុនDW ហាងគុយទាវឆ្ងាញ់ទសវត្សរ៍ទី៦០ លោកហ៊ុន ម៉ានី ក្រុមហ៊ុនលីលី ហ្វូដ លោកស្រីខេង សារ៉ាក់ ជាដើម។
ក្នុងឱកាសនៃការទទួលអំណោយមនុស្សធម៌នេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់ លោក លោកស្រីជាសប្បុរសជន ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃ ជំងឺ កូវីដ–១៩។ តាមរយៈកាយវិការប្រកបដោយមនុស្សធម៌និងគុណធម៌ទាំងនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជធានីភ្នំពេញនិងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌នេះ ស្តែងឲ្យឃើញ ពីការគិតគូរនិងក្តីអាណិត ស្រឡាញ់ ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតនៃមេរោគកូវីដ–១៩ ។
លោកឃួង ស្រេង ក៏តែងបានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង ១៤ ក្នុងការបន្តផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ឱ្យបានខ្លាំងក្លាបន្តទៀត បើទោះបីនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជាសះស្បើយអស់ទាំង១២២នាក់និងមិនមានការរីករាលដាលបន្តទៀតយ៉ាងណាក្តី៕ដោយ៖ សំរិត