ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនចាប់បានរថយន្តដឹកលើសទម្ងន់ ២៩៨គ្រឿង និងពិន័យជាង ៥រយលានរៀល ក្នុងខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ នឹងបន្តរឹតបន្តឹង ប្រយោជន៍ការពារ ថែទាំផ្លូវជាតិ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដើម្បីអោយការដឹកជញ្ជូន គោរពតាមគោលការណ៍ច្បាប់ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ ក្នុងខែមេសា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៩៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥០៥,៧០០,០០០ រៀល។ យុទ្ធនាការនេះធ្វើឡើងជាប្រចាំ គ្រប់គោលដៅ ដែលបានរៀបចំ៕ដោយ៖សិ លា