ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច កាលពីវេលាម៉ោង៣និង២០នាទីថ្ងៃទី២០ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន រហូតមកដល់មុខវត្តតាំងកសាង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកាកាបទី២ ក្របួចជាប់តែម្តង។
ជនសង្ស័យទាំង២នាក់រួមមាន៖
ទី១-ឈ្មោះសាន សុវណ្ណ អាយុ១៧ឆ្នាំ រស់នៅភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ យុន បញ្ញា ហៅញ៉ អាយុ១៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IF-0566។
ចំណែកឯស្ត្រីរងគ្រោះឈ្មោះ ឈឿន យ៉ុម អាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូតាមបណ្តោយផ្លូវបេតុង ដោយដាក់ទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូ ខាងមុខ ខណៈនោះក៏លេចមុខក្រុមជនសង្ស័យទាំង២នាក់ ជិះម៉ូតូតាមពីក្រោយ រួចជិះចូលកៀកជនរងគ្រោះហើយក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេច រួចព្យាយាមជិះម៉ូតូរត់គេចខ្លួន ។
រហូតមកដល់ចំណុចក្បែរវត្តតាំងកសាងសង្កាត់កាកាបទី២ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការស្ទាក់ក្របួចជាប់ភ្លាមៗតែម្តង និងបានដកហូតទូរស័ព្ទប្រគល់ទៅឲ្យជនរងគ្រោះវិញផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ជូន ទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ សុខាសែនជ័យ