ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងជំងឺកូវីដ១៩ សូមធ្វើការកែសម្រួល វិធានការការពារ ទប់ស្កាត់ និងឆ្លើយតបតាមការរីករាលដាល នៃជំងឺកូវីដ១៩ សម្រាប់អ្នកធ្វើដំណើរទាំងអស់ តាមផ្លូវអាកាស(គ្រប់ប្រភេទយន្តហោះជំនួញ និងយន្តហោះឈ្នួល) តាមផ្លូវគោក និងផ្លូវទឹក ចូលកម្ពុជា ដូចតទៅ៖
១-និរាករណ៍ការផ្អាកមិន ឱ្យជនបរទេសពីប្រទេស អុីរ៉ង់ អុីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល ចុះថ្ងៃទី១៤ និងទី១៥ ខែមីនា ឆ្នាំ២០២០។
២-គ្រប់គ្រងអ្នកដំណើរទាំងអស់ ដែលចូលមកប្រទេសកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេស គឺតម្រូវអោយមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលប្រទេសសាមី ក្នុងរយៈពេល៧២ម៉ោង។ បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥មុឺនដុល្លារអាមេរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពតាមវិធានផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា(តម្រូវការនេះមិនសម្រាប់មន្ត្រី នៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ។
៣-អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេសដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរងចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរងចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
-ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើននាក់ ដែលត្រូវបានរកឃើញថាមានកូវីដ១៩ រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវអោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំកូវីដ១៩។
-ក្នុងករណីអ្នកដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា ជំងឺកូវីដ១៩ អវិជ្ជមាននោះ ពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក៕ដោយ៖សុខ ខេមរា