ក្រុងញូវយ៉ក៖ ពិតជាចម្លែក ទាក់ទាញ និងមានសុវត្ថិភាពដល់ពលរដ្ឋដែលទៅដេកហាលថ្ងៃនៅរមណីយដ្ឋាន ដូមីណូ កណ្តាលទីក្រុងញូវយ៉ក។ មន្ត្រីក្នុងតំបន់បានប្រើប្រាស់ច្បាប់«ស៊ុនអ៊ូខុង» គូសរង្វង់មូល ការពារក្រុមបិសាច។
នៅក្នុងរឿងថាំងចេង ចម្លងធម៌ បានគូសរង្វង់មូល ការពារលោកគ្រូ គេចផុតពីបិសាចចាប់ខ្លួន ហើយពេលនេះកូវីដ-១៩ ក៏មិនខុសពីបិសាចនោះដែរ ដូច្នេះដើម្បីការពារការឆ្លងរាលដាល មន្ត្រីក៏បានសម្រេចគូសរង្វង់មូល មានចម្ងាយពីគ្នា២ម៉ែត្រ។
ពលរដ្ឋដែលចង់ទៅហាលថ្ងៃ គឺនៅតែក្នុងរង្វង់មូលពណ៌សតែប៉ុណ្ណោះមិនអនុញ្ញាត ឲ្យចេញទៅក្រៅឬ ដើរ ពាសវាលពាសកាលនោះឡើយ។ រង្វង់មូលនីមួយៗមានចម្ងាយពីគ្នា ពីរម៉ែត្រ ហើយនៅក្នុងរង្វង់មូលនោះអាច ចូលទៅដេកហាលថ្ងៃ ឬអង្គុយនិយាយគ្នាលេងជាលក្ខណៈគ្រួសារ សង្សារ បានដល់ទៅ២ឬ៣នាក់។ នៅលើវាលស្មៅនៃរមណីយដ្ឋានដូមីណូ ជាកន្លែងហាលថ្ងៃ នៅកណ្តាលទីក្រុងតែម្តង។
រមណីយដ្ឋាន ដូមីណូ នៅតាមដងទន្លេ Brooklyn ជាទីកន្លែងទាក់ទាញពលរដ្ឋទៅកម្សាន លម្ហែកាយនៅទីនោះ ដោយមានកន្លែងបាញ់ទឹក មានស្ពានព្រិល កន្លែងលេងបាល់ទះ …។
តាមសារព័ត៌មាន CNN នៅថ្ងៃទី២០ខែឧសភា បានផ្សាយថា មន្ត្រីក្នុងក្រុងញូវយ៉កបានស្នើដល់ពលរដ្ឋឲ្យនៅក្នុងផ្ទះ ហើយបើចេញទៅក្រៅត្រូវពាក់ម៉ាស់ និងនៅគម្លាតពីគ្នា ។ ទីក្រុងញូវយ៉កជាកន្លែងមានអ្នកឆ្លងរាលដាល ខ្លាំងជាងគេបំផុត នៅក្នុងទឹកដីអាមេរិក ដោយមានអ្នកឆ្លងកូវីដ១៩ជាង ២សែននាក់ ។
ច្បាប់ស៊ុនអ៊ូខុង មិនដឹងថា ស្ថិតស្ថេរយូរប៉ុនណាឡើយ ប៉ុន្តែវាបានដាក់ស្មារតីពលរដ្ឋអាមេរិកឱ្យនៅគម្លាតពីគ្នា បញ្ជៀសការវាយលុកពី«បិសាច»កូវីដ-១៩៕ដោយ៖ធី រីណា