ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាចាត់វិធានការគ្រប់អ្នកដំណើរជនជាតិខ្មែរទាំងអស់ពីជប៉ុន​ ចូលមក​ប្រទេសកម្ពុជា តម្រូវឱ្យមានវិញ្ញាបន​បត្របញ្ជាក់សុខភាពពីសុខាភិបាលជប៉ុន

ចែករំលែក៖

ភ្នំពេញ​ ៖​ ដើម្បីទប់ស្កាត់ការរីករាល​ដាល​នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលនៃ​ព្រះរាជា​ណាចក្រកម្ពុជា​ តាមរយ:ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ បានចេញវិធានការគ្រប់អ្នកដំណើរជនជាតិខ្មែរទាំងអស់​ ចូលមក​ប្រទេសកម្ពុជា គឺតម្រូវឱ្យមានវិញ្ញាបន​បត្របញ្ជាក់​សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខា​ភិបាលទទួលស្គាល់ដោយរដ្ឋាភិបាលជប៉ុន ក្នុងរយៈពេល​៧២ម៉ោង​ ដែលត្រូវ​អនុវត្តចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្តីជូនដំណឹងដែល​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នៅថ្ងៃនេះមានខ្លឹម​សារដូចតទៅនេះ​ ៖​

១. គ្រប់អ្នកដំណើរជនជាតិខ្មែរទាំងអស់ដែលចូលមកប្រទេសកម្ពុជា តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មានជំងឺកូវីដ១៩ ចេញដោយអាជ្ញាធរសុខា​ភិបាលទទួលស្គាល់ដោយរដ្ឋាភិបាលជប៉ុន ក្នុងរយៈពេល៧២ម៉ោង។

២. អ្នកដំណើរទាំងអស់រួមទាំងជនជាតិខ្មែរដែលចូលកម្ពុជា ត្រូវបញ្ជូនទៅ​មណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តរកមេ​ រោគកូវីដ១៩ និងត្រូវរង់ចាំទទួលលទ្ធផល​ពីមន្ទីរពិសោធន៍។

សូមបញ្ជាក់ថា​ ក្នុងករណីអ្នកដំណើរណាត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ អ្នករួមដំណើរទាំងអស់តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរ​ក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

បេីក្នុងករណីអ្នកដំណើរទាំងអស់ត្រូវបាន​រកឃើញអវិជ្ជមានកូវីដ១៩ នោះពួកគាត់នឹងត្រូវអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក​រយៈពេល១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣នៃ​ការធ្វើចត្តាឡីស័ក។

តាមរយៈ​សេចក្តី​ជូន​ដំណឹង​លេីវិធានការ​ របស់​រដ្ឋាភិបាល​កម្ពុជា​ ស្ថានទូតសង្ឃឹមលេីបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្ត និងសូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ និងចៀសផុតពីការឆ្លងវីរុសកូវីដ១៩​៕​ ដោយ​ ៖​ ជាយក្រុង​


ចែករំលែក៖