ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ស ខេង អនុញ្ញាតឱ្យ ប្រធាននាយកប្រតិបត្តិ និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SEATEL ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Yao Yue Jin ប្រធាននាយកប្រតិបត្តិ និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SEATEL ដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសម និងជម្រាបអំពីវឌ្ឍនភាពថ្មីៗរបស់ក្រុមហ៊ុន នៅទីស្ដីការក្រសួងមហាផ្ទៃ ។
ជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនាឱកាសនោះ លោក Yao Yue Jin ប្រធាននាយកប្រតិបត្តិ និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SEATEL បានមានប្រសាសន៍ថាគោរពថ្លែងអំណរគុណសម្ដេច ដែលបានអនុញ្ញាតឱ្យលោកដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសម ព្រមទាំងមានឱកាសបានជម្រាបជូនសម្ដេចអំពីវឌ្ឍនភាពថ្មីៗរបស់ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅប្រទេសកម្ពុជា ។
លោកបន្តថាក្រុមហ៊ុន SEATEL គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយមកពីសាធារណរដ្ឋប្រជាមានិតចិន ហើយកំពុងខិតខំប្រឹងប្រែងពង្រីកកញ្ចប់សេវាកម្មទូរគមនាគមន៍ ទាំងសេវាទូរសព្ទចល័ត និងប្រព័ន្ធអ៊ីនធើណែតល្បឿនលឿននៅកម្ពុជា ដោយសារក្រុមហ៊ុនមានបទពិសោធន៍ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ សម្រាប់ការពង្រីកសេវាកម្ម ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ស្វាគមន៍ និងលើកទឹកចិត្តខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន SEATEL និងបានជម្រាបជូនប្រតិភូក្រុមហ៊ុនថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងខិតខំពង្រឹងនូវប្រព័ន្ធដែលគេហៅថា Digital Government ដែលការវិនិយោគរបស់ក្រុមហ៊ុននេះនៅកម្ពុជាក៏ជាកត្តារួមចំណែកធ្វើឱ្យទស្សនវិស័យរបស់រាជរដ្ឋាភិបាលមានវឌ្ឍនភាពទៅមុខដែរ ។

បន្ទាប់ពីបានជម្រាបជូននូវកញ្ចប់សេវាកម្មថ្មីៗរបស់ក្រុមហ៊ុន លោក Yao Yue Jin ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមគាំទ្រផ្នែកបច្ចេកវិទ្យាទៅតាមតម្រូវការដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ហើយសម្ដេចក្រឡាហោមបានសម្ដែងការស្វាគមន៍ ចំពោះបំណងភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ ។

ដើម្បីជំរុញគោលបំណងនេះឱ្យមានដំណើរការទៅមុខសម្ដេចឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបសើក្រសួងមហាផ្ទៃ ត្រូវចាប់ផ្ដើមពិភាក្សាគ្នាជាមួយតំណាងក្រុមហ៊ុន SEATEL ដើម្បីឱ្យភាគីទាំងពីរអាចរកឃើញនូវឱកាស ឬផ្នែកណាមួយ សម្រាប់ការផ្ដល់កិច្ចសហការជាមួយគ្នាទៅវិញទៅមកបាន ៕សហការី


ចែករំលែក៖