ភ្នំពេញ៖ ដើម្បីអនុវត្តនច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពនោះ កម្លាំងនគរបាលខណ្ឌសែនសុខបាននិងកំពុងបន្តចុះចាប់ចាក់សោកង់រថយន្តដែលម្ចាស់បើកយកមកចតនៅលើចិញ្ចើមផ្លូវគ្មានរបៀបរៀបរយធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះកម្លាំងសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ខណ្ឌសែនសុខក្រោមការដឹកនាំរបស់លេាក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានបញ្ជាឲ្យមន្ត្រីរបស់លោកបន្តចុះអនុវត្តច្បាប់ចរាចរណ៍ចំពោះម្ចាស់រថយន្តទាំងឡាយណាដែលបើកមកឈប់ចតនៅតាមចិញ្ចើមផ្លូវសាធារណៈដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់តាមដងផ្លូវ ស្ទះចរាចរណ៍និងអាចបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរទៀតផង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះគឺធ្វើនៅតាមបណ្តេាយផ្លូវភ្នំពេញ- ហាណូយស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោកវរសេនីយ៍ត្រី ស៊ីន សុវណ្ណ នាយផ្នែកនគរបាលចរាចរណ៍ខណ្ឌសែនសុខបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកអភិបាល លោកអធិការនិងលោកអធិការរងទទួលផែនខណ្ឌសែនសុខបានឲ្យលោកដឹកនាំកម្លាំងចុះចាប់រថយន្តទាំងឡាយណាដែលចតនៅតាមចិញ្ចើមផ្លូវសាធារណៈជាប្រចាំក្នុងមូលដ្ឋាន។
ចំពោះរថយន្តដែលកម្លាំងយើងចាក់សោកង់នោះគិតត្រឹមម្សិលមិញរហូតមកដល់ព្រឹកថ្ងៃទី២១ខែឧសភានេះគឺបានចាក់សោរថយន្តសរុបចំនួន១៤គ្រឿងនិងបានធ្វើការអប់រំណែនាំដល់ម្ចាស់រថយន្តនិងធ្វើការផាកពិន័យតាមច្បាប់៕ ដោយ៖ ចន្ទ លីហ្សា