ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយក WHO៖ នេះមិនមែនជាពេលទម្លាក់ការទទួលខុសត្រូវពីកូវីដ-១៩ លើអ្នកណាឡើយ

ចែករំលែក៖

ក្រោយពេលលោកត្រាំចេះតែទម្លាក់ការទទួលខុសត្រូវទៅលើចិន និងអង្គការសុខភាពពិភពលោកមកនៅពេលនេះ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា លោកនឹងទទួសខុសត្រូវចំពោះបញ្ហាទាំងអស់ពាក់ព័ន្ធនឹងកូវីដ ប៉ុន្តែមិនមែនពេលនេះទេគឺក្រោយពេលដែលកូវីដ-១៩ត្រូវគ្រប់គ្រងបានទាំងស្រុងសិន។
សារព័ត៌មាន CNN បានដកស្រង់សម្តីប្រធានកម្មវិធីគ្រប់គ្រងគ្រោះអាសន្នរបស់ WHO លោកស្រី Maria Van Kerkhove មកបញ្ជាក់ថា តួលេខដែល WHOទទួលបានកាលពីថ្ងៃទី២០ ខែឧសភា គឺមានអ្នកឆ្លងច្រើនមិនធ្លាប់មានចាប់តាំងពីផ្ទុះកូវីដ-១៩ក្នុងរយៈពេល២៤ម៉ោងនៅទូទាំងពិភពលោកដែលមានរហូតដល់ទៅ១០៦ ពាន់នាក់។ ប្រទេសដែលឆ្លងច្រើនជាងគេ គឺ អាមេរិក រុស្ស៊ី ប្រេស៊ីល និងឥណ្ឌា។
ដោយសារមានអ្នកឆ្លងច្រើន បានជាអគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros បានប្រកាសក្នុងសន្និសីទកាសែត នៅទីក្រុងហ្សឺណែវ ប្រទេសស្វុីស កាលពីថ្ងៃទី២១ខែឧសភាថា លោកសន្យាទទួលខុសត្រូវរឿង WHO ទប់ស្កាត់កូវីដ-១៩ ក្រោយពេលគ្រប់គ្រងបានទាំងស្រុងសិន។
លោក Tedros បានបញ្ជាក់ថា «ខ្ញុំបាននិយាយជាច្រើនលើកមកហើយថា WHO នឹងទទួលខុសត្រូវចំពោះបញ្ហារាលដាលកូវីដ-១៩ ប៉ុន្តែមិនមែនជាពេលនេះឡើយ»។ លោកបន្តទៀតថា អ្វីដែលជាការចាំបាច់នៅចំពោះមុខគឺយើងត្រូវតែទប់ស្កាត់កូវីដ-១៩ ឲ្យបានជាមុនសិន ៕ដោយ៖ធី រីណា


ចែករំលែក៖